(សៀមរាប)៖ ដើម្បីបង្កើនគម្របព្រៃក្នុងរមណីយដ្ឋានអង្គរ ឱ្យបានកាន់តែច្រើនបន្ថែមទៀតនោះ ក្នុងឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរានឹងបន្តយុទ្ធនាការដាំ និងចែកចាយដើមឈើចំនួន ១១ ម៉ឺនដើម ខណៈបច្ចុប្បន្នក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរាកំពុងមមាញឹកបណ្ដុះ និងថែទាំកូនឈើទាំងនោះ ត្រៀមសម្រាប់ដាំនារដូវវស្សាខាងមុខ។

លោក ឡី គឹមស៊ី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងជាអ្នកទទួលបន្ទុកការងារបណ្ដុះកូនឈើ និងដាំឈើបានលើកឡើងថា ស្ថានីយបណ្ដុះកូនឈើទាំង ៤ របស់អាជ្ញាធរជាតិអប្សរា កំពុងមមាញឹកខ្លាំងក្នុងការបណ្ដុះកូនឈើចម្រុះសម្រាប់ត្រៀមដាំក្នុងឆ្នាំ២០២០នេះ។ កូនឈើសរុបមានចំនួនប្រមាណ ១១ ម៉ឺនដើម ត្រៀមដាំ និងចែកចាយក្នុងខែវស្សាខាងមុខនេះ មានទាំងប្រភេទដើមឈើប្រណិត ដើមឈើលម្អ និងប្រភេទដើមឈើព្រៃហូបផ្លែ។

ក្នុងបរិបទនៃជំងឺកូវីដ១៩នេះ ធ្វើឱ្យគម្រោងរៀបចំយុទ្ធនាការទ្រង់ទ្រាយធំៗដែលធ្លាប់រៀបចំកន្លងមក មិនទាន់ច្បាស់លាស់។ លោក ឡី គឹមស៊ី ពន្យល់ថា ប្រសិនបើស្ថានការណ៍ជំងឺកូវីដល្អប្រសើរឡើងវិញ នោះនឹងមានការរៀបចំកម្មវិធីធំៗដែលចូលរួមពីមហាជនខាងក្រៅ តែប្រសិនបើស្ថិតក្នុងស្ថានការណ៍ដូចសព្វថ្ងៃនេះ អាជ្ញាធរជាតិអប្សរានឹងរៀបចំដាំកូនឈើជាលក្ខណៈផ្ទៃក្នុងទៅតាមគោលដៅដែលបានគ្រោងទុក។

គួរឱ្យដឹងដែរថា អាជ្ញាធរជាតិអប្សរាមានស្ថានីយ៍បណ្ដុះកូនឈើចំនួន ៤ ទីតាំង៖
* ទី១ គឺស្ថានីយបណ្ដុះកូនឈើ ៨ ហិកតា ដែលបណ្ដុះកូនឈើប្រណីត ៤ ប្រភេទ មានដើមបេង គ្រញូង ច្រេះ និងធ្នង់។
* ទី២ ស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ ដែលបណ្ដុះប្រភេទកូនឈើលេខ១ លេខ២ លេខ៣ និងក្រៅលំដាប់ថ្នាក់។
* ទី៣ ស្ថានីយបណ្ដុះកូនឈើមណ្ឌល៣ ដែលបណ្ដុះប្រភេទឈើលម្អ និងប្រភេទឈើព្រៃហូបផ្លែ។
* ទី៤ ស្ថានីយបាឡុងបណ្តុះថែទាំ និងផ្សាំកូនឈើបន្តវេនគ្រប់ប្រភេទ។

ក្នុងឆ្នាំ២០១៩ កន្លងទៅ អាជ្ញាធរជាតិអប្សរាបានដាំកូនឈើចំនួនជិត ៣ ម៉ឺនដើម និងបានចែកចាយទៅខាងក្រៅជាង ៧ ម៉ឺនដើម៕