(ភ្នំពេញ)៖ លោក ហ៊ុន ហេង អ្នកនិពន្ធបទចម្រៀងដ៏ល្បីឈ្មោះមួយរូប ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០នេះ តាមរយៈបណ្តាញព័ត៌មាន Fresh News បានអំពាវនាវដល់សាធារណជន សូមកុំចាញ់បោកជនខិលខូច ដែលបានយកឈ្មោះរបស់លោក ទៅប្រើដើម្បីសុំការឧបត្ថម្ភថវិកា គាំទ្រដល់ការនិពន្ធបទចម្រៀងស្តីពីការប្រយុទ្ធនឹងជំងឺកូវីដ១៩។

លោក ហ៊ុន ហេង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចេញមកអំពាវនាវនេះ បន្ទាប់ពីមួយរយៈចុងក្រោយនេះ មានជនឆ្លៀតឱកាស បន្លំក្នុងឱកាសមានការកើតឡើងនូវជំងឺកូវី១៩នេះ បានយកឈ្មោះរបស់លោក ទូរស័ព្ទទៅមន្ត្រី និងអ្នករកស៊ីមួយចំនួន ដើម្បីសុំលុយក្នុងម្នាក់ៗ ៤០០-៥០០ដុល្លារ សម្រាប់ការនិពន្ធបទចម្រៀងរបស់សម្តេចតេជោ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩។ ប៉ុន្តែការពិតលោក មិនបានធ្វើដូច្នេះទេ គឺជនខិលខូចប្រើប្រាស់ឈ្មោះលោកតែប៉ុណ្ណោះ។

លោក ហ៊ុន ហេង បានប្រកាសយ៉ាងដូច្នេះថា «ខ្ញុំបដិសេធ និងច្រានចោល ចំពោះការយកឈ្មោះរបស់ខ្ញុំ ទៅសុំលុយគេនេះ ហើយប្រសិនបងប្អូនណា ដែលជួបករណីប្រើឈ្មោះរបស់ខ្ញុំ ដើម្បីសុំការឧបត្ថម្ភនិពន្ធចម្រៀង សូមទាក់ទងមកលេខទូរស័ព្ទ៖ ០១២ ៨៣៧ ៣៦២ សូមអរគុណ»