(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអំពាវនាវឱ្យមន្រ្តីរាជការនិងប្រជាពលរដ្ឋទាំងអស់ ទាញយកកម្មវិធី App សម្តេចតេជោ ទៅប្រើប្រាស់ក្នុងទូរស័ព្ទដៃ ដើម្បីទទួលបានព័ត៌មានផ្សេងៗពីនាយករដ្ឋមន្រ្តី។

នៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន បានសរសេរសារថា «សូមមន្រ្តីរាជការ សាធារណជន និងក្មួយៗយុវជនទាញយក App (Android) របស់ខ្ញុំផ្ទាល់មកដាក់ក្នុងទូរស័ព្វដៃប្រភេទ Samsung, Nokia, LG ដែលប្រើ Google Play Store. ចំពោះទូរស័ព្វ iPhone ដែលប្រើកម្មវិធី (iOS) នឹងចេញនៅពេលឆាប់ៗខាងមុខនេះ។ នេះគឺងាយស្រួលទទួលបានព័ត៌មានអំពីខ្ញុំឆាប់ រហ័សអំពីខ្ញុំដោយគ្មានដែនកំណត់»

សូមជំរាបថា បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងនៅលើ Facebook អំពីសកម្មភាពព័ត៌មានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ឥឡូវនេះសម្តេចតេជោ បានបង្កើត និងដាក់ដំណើរជាផ្លូវការនូវគេហទំព័រ និងកម្មវិធីទទួលព័ត៌មាន (Website & App) ចាប់ពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦មក ដើម្បីងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋចូលមើល និងតាមដានរាល់ព័ត៌មានថ្មីៗ ស្តីពីសកម្មភាពដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា។

គេហទំព័រផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន មានឈ្មោះ www.samdechhunsen.gov.kh និង App: Samdech HUN SEN។ ការដាក់ដំណើរគេហទំព័រ និងកម្មវិធីទទួលព័ត៌មាននេះ ធ្វើឡើងចំថ្ងៃនៃខួបកំណើតអាពាហ៍ពិពាហ៍៤០ឆ្នាំ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចតកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ (សូម Download)

គិតត្រឹមដើមឆ្នាំ២០១៦នេះ Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានកើនឡើងដល់ជាង១.៨លាននាក់ហើយ។ Facebook របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី២០ ខែកញ្ញា ដែលពេលនោះមានចំនួន១លាននាក់។ បើតាមការសង្កេតទំព័រ Facebook របស់នាយករដ្ឋមន្រ្តី មានអ្នកចុច Like គ្រប់វិនាទី ពោលរាល់ការ Refresh Page តែងឃើញមានចំនួនអ្នកចុច Like កើនឡើងជានិច្ច។

សូមជំរាបថា នៅព្រឹកថ្ងៃនេះ Facebook បានបញ្ជាក់ថា Page សម្តេចតេជោ ហ៊ុន សែន គឺទទួលបានចំណាត់ថ្នាក់លេខ១ ផ្នែកទំនាក់ទំនងសន្ទនាល្អ យ៉ាងសកម្ម រវាងមេដឹកនាំ និងប្រជាពលរដ្ឋ បើប្រៀបធៀបទៅក្នុងចំណោមមេដឹកនាំពិភពលោក ដែលកំពុងប្រើប្រាស់ Facebook។ នេះសរបញ្ជាក់ឲ្យឃើញច្បាស់អំពីការយកចិត្តទុកដាក់របស់ សម្តេចនាយករដ្ឋមន្រ្តី ជាមួយប្រជាពលរដ្ឋ។ ដែលនេះកាន់តែធ្វើឲ្យ Facebook សម្តេចតេជោ ការទាក់ទាញ និងកាន់តែមានប្រជាប្រិយភាពខ្លាំងឡើង ក្នុងចំណោមប្រជាពលរដ្ឋ និងយុវជនដែលកំពុងត្រូវការសន្តិភាព និងការរីកចម្រើន៕