(ភ្នំពេញ)៖ នៅក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភានេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានចេញសេចក្តីថ្លែងការណ៍ជំរុញដល់អ្នកសារព័ត៌មានទាំងអស់បំពេញតួនាទីដោយប្រកាន់ខ្ជាប់គោលការណ៍វិជ្ជាជីវៈ។

សេចក្តីថ្លែងការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បានឲ្យដឹងថា ឆ្នាំនេះ ស.ស.ស.ក ក៏ដូចគ្នានឹងសមាគម សហព័ន្ធ នៅជុំវិញពិភពលោកដែរ គឺមិនរៀបចំពិធីជួបជុំដើម្បីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ដូចឆ្នាំ មុនៗទេ ដោយសារនៅពេលនេះ ពិភពលោកទាំងមូល រួមទាំងប្រទេសកម្ពុជាយើងផង រងការរាតត្បាតពីជំងឺកូវីដ១៩។ ក្នុងន័យនេះ ស.ស.ស.ក សូមប្រែក្លាយទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំនេះ ទៅជាការប្តេជ្ញាចិត្ត រួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បន្តចូលរួមផ្សព្វផ្សាយវិធានការនានា បម្រើការយល់ដឹងអំពី សុវត្ថិភាពសុខុមាលភាពដល់សាធារណជន។

ស.ស.ស.ក បានបន្តថា សុខភាព ពោលគឺ សិទ្ធិរស់រានមានជីវិត ក្នុងពេលនេះ នៅតែជា អាទិភាពចម្បងបំផុត និងមានតម្លៃជាងអ្វីៗទាំងអស់។ ដរាបណាអាយុជីវិតត្រូវបានថែរក្សាការពារល្អប្រសើរ ទើប មនុស្សគ្រប់ៗរូបមានឱកាសអនុវត្តសិទ្ធិដទៃទៀត រួមទាំងសិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិផងដែរ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា រួមជាមួយប្រជាជនកម្ពុជា ពិតជាមានការត្រេកអរ ដែលកម្ពុជាមាន អ្នកឆ្លងជំងឺនេះក្នុងអត្រាទាប ហើយពលរដ្ឋដែលឆ្លងជំងឺនេះ ក៏ទទួលការយកចិត្តទុកដាក់ជួយព្យាបាលពីសំណាក់ ក្រុមវេជ្ជបណ្ឌិតរហូតបានជាសះស្បើយជិតអស់ហើយ ដោយគ្មានអ្នកណាម្នាក់រងគ្រោះដល់អាយុជីវិតឡើយ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមយកឱកាសទិវាសេរីភាពសារព័ត៌មានឆ្នាំនេះ ប្រែក្លាយជាថ្ងៃនឹករលឹក និងការដឹងគុណដល់រៀមច្បងសារព័ត៌មានរបស់យើងសរុប១៨រូប ដែលពួកគាត់បានដឹកដៃអ្នកទាំងឡាយក្នុងវិស័យ នេះឆ្លងកាត់ដំណាក់កាលនីមួយៗ ហើយឥឡូវពួកគាត់ខ្លះក្លាយជាព្រឹទ្ធាចារ្យ និងមានវ័យជរាទៅហើយ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងឱកាសនេះដែរ សូមលើកទឹកចិត្តដល់មិត្តអ្នកសារព័ត៌មានទាំងអស់បន្ត បំពេញតួនាទី ដោយប្រកាន់ខ្ជាប់គោលការណ៍វិជ្ជាជីវៈនិងសេចក្ដីថ្លៃថ្នូរ ដើម្បីបន្តទទួលបានការគោរពស្រឡាញ់ និង ការជឿទុកចិត្ត។ ជាមួយគ្នានេះ ស.ស.ស.ក សូមលើកទឹកចិត្តដល់មិត្តអ្នកសារព័ត៌មាន ចំណាយផ្នែកឬជ្រុងណាមួយ នៃអាជីពខ្លួនជួយផ្សព្វផ្សាយអំពីសក្តានុពលប្រទេសជាតិរបស់យើង ដើម្បីរួមចំណែកបង្ហាញផ្ទះកម្ពុជាដ៏ល្អស្អាតទៅ កាន់ឆាកអន្តរជាតិ និងកសាងមោទនភាពសម្រាប់អនាគតកូនៗនិងប្រជាជាតិយើង៕