(ភ្នំពេញ)៖ នារីស្រស់សោភាម្នាក់ បានបើករថយន្តស៊េរីទំនើបលឿនជ្រុល ក៏ទៅបុកគល់ស្ពានអាកាស៧មករា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរមិនមានរងរបួសឡើយ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង ៨យប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចគល់ស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ភ្នាក់ងារព័ត៌មាន Fresh News ដែលចុះទៅយកព័ត៌មានផ្ទាល់នៅកន្លែងគ្រោះថ្នាក់ចរាចរណ៍ បានរាយការណ៍ថា នៅមុនពេលកើតហេតុគេបានឃើញនារីខាងលើ បានបើករថយន្តស៊េរីទំនើប មួយគ្រឿងម៉ាក LAND CRUISER ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន។

លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកឃឿនគល់ស្ពានអាកាស៧មករា ចំពីមុខពេញមួយទំហឹង បណ្ដាលឲ្យរងការខូចខាតខ្ទេចមួយកំណាត់មុខយ៉ាងដំណំ។ ភ្លាមៗនោះ នារីខាងលើបានព្យាយាមបើករថយន្តរត់ តែដោយសារតែរថយន្តខាងបែកធុងទឹក ទើបមិនអាចបើកទៅមុខរួច ក៏ត្រូវសមត្ថកិច្ចឃាត់បានភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។

នគរបាលចរាចរណ៍មិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណ អ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នេះនៅឡើយទេ៕