(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តក្រើនរំលឹកប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងថែទាំសុខភាពឱ្យបានខ្ពស់ ទោះបីកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីក្នុងរយៈពេលជិត៣សប្តាហ៍ចុងក្រោយនេះក៏ដោយ។

តាមរយៈទំព័រ Facebook នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចតេជោ បានថ្លែងថា «សូមបងប្អូនបន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពឱ្យបានល្អជានិច្ច។ ជាពិសេសក្នុងពេលប្រទេសជាតិកំពុងប្រយុុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩»។

សម្តេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា «ទោះបីចំនួនអ្នកដែលឆ្លងមេរោគត្រូវបានព្យាបាលជាសះស្បើយច្រើនស្ទើរអស់ហើយក្តី ហើយមកទល់ថ្ងៃនេះ ក៏ពុំមានអ្នកឆ្លងថ្មីក៏ដោយ ក៏សូមបងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយប្រើម៉ាស ទឹកអាល់កុល និងជែលលាងសម្អាតកម្ចាត់មេរោគ និងបាក់តេរី ផ្សេងៗឱ្យបានជាប្រចាំ»

ទន្ទឹមនឹងការអំពាវនាវប្រជាពលរដ្ឋឱ្យថែទាំសុខភាពកុំឱ្យឆ្លងជំងឺកូវីដហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវប្រជាពលរដ្ឋ ជាពិសេសយុវជនត្រូវតែ គោរពច្បាប់ចរាចរណ៍ ព្រោះគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងរាល់ថ្ងៃ បានសម្លាប់អាយុជីវិតពលរដ្ឋច្រើនជាងជំងឺឆ្លងកូវីវីដ១៩ទៅទៀត៕