(ភ្នំពេញ)៖ លោកស្រី Pauline Tamesis ប្រធានសម្របសម្រួលរបស់ក្រុមទីភ្នាក់អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNCT) អបអរសាទរ និងកោតសសើររាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសុខាភិបាល ដែលបានខិតខំបំពេញភារកិច្ចក្នុងការឆ្លើយតបបានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា គ្រប់គ្រងករណីវិជ្ជមានកូវីដ១៩ទាំង១២២នាក់ បានល្អ ដោយព្យាបាលជាសះស្បើយបានសឹងតែទាំងអស់ មិនមានអ្នកស្លាប់ ហើយអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល មានការគ្រប់គ្រងឆ្លើយតបបានទាន់ហេតុការណ៍ដែរ។

ការថ្លែងបែបនេះ របស់លោកស្រី ក្នុងកិច្ចប្រជុំរវាងគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយក្រុមទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលមានការចូលរួមស្រុកចំនួនទាំងអស់ប៉ុន្មាន១១០នាក់នៅចុងខែមេសានេះ ។

លោកស្រីបន្ដថា «ប៉ុន្ដែការងារ របស់យើងនៅពុំទាន់ចប់នៅឡើយទេ ដូចគ្នានឹង ប្រទេសនានាទាំងអស់ដែរ យើងត្រៀមខ្លួន និងកែលំអវិធីដែលយើងឆ្លើយតបនឹងជំងឺកូវីដ១៩ ដើម្បីយើងអាចបញ្ឈប់ ឬពន្សឹតការឆ្លងវីរុសនេះ និងកាត់បន្ថយឱ្យនៅកម្រិតអប្បបរមា នូវផលប៉ះពាល់ដល់សុខភាព សង្គម និងសេដ្ឋកិច្ច ។ យើងសង្ឃឹមថា អ្វីៗនឹងល្អឡើងវិញ ប៉ុន្ដែត្រូវត្រៀមសម្រាប់ករណីធ្ងន់ធ្ងរ»។

សម្រាប់កម្ពុជា ក៏អាចជួបប្រទះនឹងកត្តាប្រឈម និងផលប៉ះពាល់ជាច្រើនក្រៅពីវិស័យសុខាភិបាល ដូចជាវិស័យអប់រំ ទេសចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិស័យឧស្សាហកម្មផងដែរ។

សូមជម្រាបថា ដោយមានការបេ្តជ្ញាចិត្ត ក្រោមការដឹកនាំយកចិត្តទុកដាក់ ប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផែនការមេ បទបញ្ជា និងវិធានការនានា ព្រមទាំងការឆ្លើយតបបន្ទាន់ត្រូវបានដាក់ចេញឲ្យអនុវត្តនៅទូទាំងប្រទេស ដើម្បីការពារទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ បានរហ័សទាន់ពេលវេលា ក្រោមយន្តការសម្របសម្រួល និងគ្រប់គ្រងដោយ៖

១៖ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដឹកនាំផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា

២៖ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់

៣៖ គណៈកម្មការរាជធានី-ខេត្ត ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដឹកនាំដោយអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តនីមួយៗ។

ជាមួយគ្នានេះ កម្ពុជាបានបង្កើត និងកំពុងអនុវត្តនូវផែនការមេសម្រាប់ ឆ្លើយតបនឹងជំងឺកូវីដ-១៩ ដែលផ្តោតលើសេណារីយ៉ូ ០៣ ផ្សេងៗគ្នា។ លើសពីនេះទៀត ដើម្បីឆ្លើយតប ទៅនឹងជំងឺរាតត្បាតជាសកលនេះ ក្រសួងពាក់ព័ន្ធនានាក៏បានបង្កើតគណៈកម្មការ និងក្រុមការងារមួយ ចំនួនទៀតផងដែរ។

ការគៀងគរធនធាន បានធ្វើឡើងក្រោមការអំពាវនាវ និងភាពស្ម័គ្រចិត្ត ពីបុគ្គល ពីស្ថាប័ន ពីវិស័យធុរកិច្ចនានា ពីបណ្តាប្រទេសក្នុងក្របខណ្ឌសហប្រតិបត្តការ និងពីអង្គការមួយចំនួននៅក្នុង និងក្រៅប្រទេស ក្រោមទស្សនទាន និងវប្បធ៌មចែករំលែក ជាពិសេសក្រោមគំនិតផ្តួចផ្តើម របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។ ទឹកចិត្តមនុស្សធ៌មពិតប្រាកដ ប្រកបដោយឆន្ទៈគោរពសិទ្ធិរស់រានមានជីវិតរបស់មនុស្ស របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអនុញ្ញតឲ្យនាវា MS Westerdam ចូលសំចតនៅកំពង់ផែ ក្រុងព្រះសីហនុ បានជួយសង្គ្រោះអ្នកដំណើរជាប់គាំងនៅតាមផ្លូវទឹកជិត ៣,០០០នាក់ ដែលមានច្រើន សញ្ជាតិខុសៗគ្នា នាពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះផងដែរ។

ជាក់ស្តែង ចំពោះការឆ្លើយតបសុខភាពសាធារណៈរបស់កម្ពុជាលើការរាតត្បាតនៃវីរុសកូវីដ-១៩ នេះ ត្រូវបានធ្វើឡើងជាបន្ទាន់ ដោយមានការពិគ្រោះយោបល់ជាមួយអង្គការសុខភាពពិភពលោក និងដៃគូពាក់ព័ន្ធនានា ដែលផ្តោតលើអន្តរាគមន៍អាទិភាពចំនួន០៩ រួមមាន៖

១៖ ការរៀបចំផែនការ និងការគ្រប់គ្រងហេតុការចំពោះមុខ

២៖ ការតាមដាន និងការវាយតម្លៃហានិភ័យ

៣៖ ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍

៤៖ សេវាថែទាំសុខភាព និងការគ្រប់គ្រងការព្យាបាល

៥៖ ការបង្ការ និងត្រួតពិនិត្យការចម្លងរោគ

៦៖ វិធានការសុខភាពសាធារណៈ

៧៖ ទំនាក់ទំនងហានិភ័យ

៨៖ ការគ្រប់គ្រងច្រកចេញចូលនៅព្រំដែន

៩៖ ប្រតិបត្តិការភស្តុភារ ឱសថ និងបរិក្ខារពេទ្យ៕