(ខេត្តពោធិ៍សាត់)៖ ដោយមានការសម្របសម្រួលពី លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងឲ្យលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការីបានចុះបន្តផ្សព្វផ្សាយគោលការណ៍ឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ចំនួន ៥០លានដុល្លារអាមេរិក ជូនដល់បងប្អូនប្រជាសហគមន៍ចញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ និង ផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ក្នុងខេត្តពោធិ៍សាត់ ដើម្បីឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជា ជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA។

លោក កៅ ថាច បានជម្រាបជូនដល់បងប្អូនប្រជាកសិករ ឲ្យបានជ្រាបអំពីគោលបំណង ដែលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មកជួបបងប្អូន គឺចង់ផ្សព្វផ្សាយអំពីគោលការណ៍ឥណទាន ដែលមានអត្រាការប្រាក់អនុគ្រោះ ចំនួន៦ភាគរយប្រចំាឆ្នាំ សម្រាប់ជាទុនបង្វិល (រយៈពេលខ្លី) ហើយ ៦.៥ភាគរយ ប្រចំាឆ្នាំ សម្រាប់ទុនវិនិយោគ (រយៈពេលវែង) និងលក្ខខណ្ឌសមស្របមួយចំនួន ដើម្បីទទួលបានឥណទាន ពីកម្មវិធីហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ចំនួន ៥០លានដុល្លារអាមេរិក មានដូចជា៖

* ត្រូវមានគម្រោងពង្រីកអាជីវកម្ម ដើម្បីរួមចំណែកបង្កើតការងារក្នុងមូលដ្ឋាន
* ត្រូវមានទីតាំងផលិតកម្មនៅក្នុងស្រុក
* ចុះបញ្ជីស្របច្បាប់ និងបង់ពន្ធ-អាករត្រឹមត្រូវ ហើយត្រូវការជាចាំបាច់ នូវឥណទានសម្រាប់យកទៅប្រើប្រាស់ជាទុនបង្វិល និង/ឬ ទុនវិនិយោគ សម្រាប់ពង្រីក អាជីវកម្ម។

ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អាចធ្វើការផ្តល់ជូនឥណទានរហូតដល់៨០ភាគរយនៃទ្រព្យធានា បំណុលដែលជាអចលទ្រព្យ។

លោកបន្ដទៀតថា ការទទួលយកទ្រព្យធានាបំណុល របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏មានភាពបត់បែនច្រើន ដោយក្នុងនោះ មានការទទួលយក៖ ឧបករណ៍-គ្រឿងម៉ាស៊ីន, សន្និធិ, លិខិតធានាសងបំណុលពីភាគីអ្នកទិញ ឬលិខិតធានាផ្សេងៗ, វិញ្ញាបនបត្រប្រាក់បញ្ញើ ក្រៅពីអចលនទ្រព្យ (ដីនិងអាគារ) ផងដែរ។

បន្ថែមលើនេះ ក្រៅពីកម្មវិធីហិរញ្ញប្បទានពិសេស ៥០លានដុល្លារ លោក កៅ ថាច ក៏បានធ្វើការណែនាំអំពីផលិតផល ឥណទានផ្សេងៗទៀត របស់ធនាគារ ដែលមាន អត្រាការប្រាក់អនុគ្រោះផងដែរ។ ក្នុងករណីបងប្អូនប្រជាកសិករ ក្រុមផលិត របស់សហគមន៍ចាប់អារម្មណ៍ អាចធ្វើការទំនាក់ទំនងដើម្បីស្នើសុំឥណទាន ទាំងនោះបាន។

ជាមួយគ្នានេះដែរ លោកអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានធ្វើការស្នើសុំ ដល់បងប្អូនឲ្យរៀបផែនការច្បាស់លាស់ លើការដាំដុះ ការចិញ្ចឹម និងការផលិត ដើម្បីធ្វើការផ្គត់ផ្គង់ទីផ្សារឲ្យបានតាមតម្រូវការ ដោយជៀសវាងការដាំដុះ ឬផលិតលើសតម្រូវការ ជាហេតុធ្វើឲ្យតំលៃធ្លាក់ចុះ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមជូនដំណឹងដល់ម្ចាស់សិប្បកម្ម ម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម លើកលែងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យស្រូវអង្ករ ដែលមានតម្រូវការឥណទានសម្រាប់ពង្រីកអាជីវកម្ម សូមទំនាក់ទំនងព័ត៌មាន បន្ថែមតាមរយៈទូរស័ព្ទលេខ ០៧៧ ៧៥៩ ១៥៩/០១២ ៧០៦ ៦៣៦/០៩៩ ៧១០ ៧៨៩៕