(ភ្នំពេញ)៖ ក្នុងវេទិកាតុមូលស្ដីពី «សេរីភាពសារព័ត៌មាននៅកម្ពុជា» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ ក្រុមអ្នកព្រឹទ្ធចារ្យផ្នែកសារព័ត៌មាន បានជំរុញឱ្យអ្នកសារព័ត៌មានទាំងអស់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ បង្កើនសមត្ថភាពបន្ថែម ព្រមទាំងផ្សព្វផ្សាយយ៉ាងណាប្រកបដោយការប្រុងប្រយ័ត្ន ក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩។

ថ្លែងក្នុងវេទិកាតុមូលនេះ លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានមើលឃើញថា ស្ថានភាពសារព័ត៌មានកម្ពុជា បច្ចុប្បន្ននេះមានទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន។ ភាពអវិជ្ជមាននៃវិស័យនេះលោក ប៉ែន បូណា សង្កេតឃើញថា នៅកម្ពុជាមានបញ្ហាពាក់ព័ន្ធនឹងក្រមសីលធម៌វិជ្ជាជីវៈច្រើនផងដែរ ជាពិសេសអ្នកសារព័ត៌មានមួយចំនួន តាមអនឡាញ ដែលគាត់បានផ្សាយរំលោភសិទ្ធិឯកជន និងរំលោភដែនសមត្ថកិច្ចផ្សេងៗ។ ការផ្សាយនេះបានធ្វើឱ្យអាជ្ញាធរមួយចំនួន ដែលរងផលប៉ះពាល់ដោយការផ្សាយព័ត៌មានមិនគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មាន ចាត់វិធានការមកវិញលើសអ្វីដែលកំណត់ក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន។

ដោយឡែក លោក គី សុខលីម នាយកសារព័ត៌មានថ្មីៗ បានលើកឡើងថា អ្នកសារព័ត៌មានកម្ពុជា ក៏មិនខុសអំពីអ្នកសារព័ត៌មាននៅលើពិភពលោកទេ ដែលនៅពេលជំងឺកូវីដ១៩ ចូលមកដល់សារព័ត៌មានទាំងអស់ ទទួលរងនូវផលវិបាកផងដែរ ដោយសារតែមានការផ្សព្វផ្សាយដោយប្រយ័ត្នប្រយែងជាងមុន ហើយសេចក្តីរាយការណ៍មួយចំនួន គឺមិនបានទៅដល់កន្លែងដោយផ្ទាល់ទេ។

សម្រាប់លោក ពុយ គា ជាអ្នកកាសែតជើងចាស់ និងជាអ្នកឆ្លើយឆ្លងព័ត៌មានឲ្យទីភ្នាក់ងារព័ត៌មាន Kyodo របស់ជប៉ុន ស្នើឱ្យរាជរដ្ឋាភិបាល បង្កើនសមត្ថភាពអ្នកនាំពាក្យថែមទៀត ដើម្បីផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព និងទាន់ហេតុការណ៍។ ជាមួយគ្នានេះសម្រាប់អ្នកសារព័ត៌មានវិញ លោកក៏បានជំរុញឱ្យមានការអភិវឌ្ឍពាក់ព័ន្ធនឹងជំនាញរបស់ខ្លួនជាប្រចាំផងដែរ។ លោក គី សុខលីម បានថ្លែងថា អ្នកសារព័ត៌មានត្រូវមានចំណេះដឹងខ្ពស់ ហើយក៏ត្រូវមានជំនាញដែរ។ អ្នកសារព័ត៌មានដឹងច្រើន ប៉ុន្តែមិនមែនចេះច្រើនទេ។ លោកចង់ឱ្យអ្នកសារព័ត៌មានខិតខំបង្កើនចំណេះដឹងឱ្យបានទូលំទូលាយ។

លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានថ្លែងថា អ្នកកាសែត គឺជាបញ្ញវន្ត។ លោកស្រលាញ់ពាក្យនេះ ដែលអ្នកកាសែតទោះបីជាជីវភាពយ៉ាងណា ត្រូវបង្កើនចំណេះដឹងដើម្បីផ្តល់ដំណឹងដល់អ្នកអាន និងមានអត្ថប្រយោជន៍សង្គម។ លោកបានថ្លែងថា អ្នកសារព័ត៌មាន មិនត្រូវជោរនោះទេ ហើយមិនត្រូវភ្លេចខ្លួន ឬមោទនភាពជ្រុលពេក។ លោកអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ កុំឱ្យហ៊ានហួសព្រំដែន ឬជោរភ្លេចបង្កើនសមត្ថភាព។

នៅក្នុងវេទិកានេះ លោក ហ៊ុយ វណ្ណៈ ឆ្លើយតបទៅនឹងការវាយតម្លៃរបស់អ្នកកាសែតគ្មានព្រំដែន មកលើសេរីភាពសារព័ត៌មាននៅកម្ពុជា ដោយលោកចាត់ទុកថា ការវាយតម្លៃនេះ មិនមានន័យសម្រាប់កម្ពុជាទេ គ្រាន់តែគ្រាន់តែជាការវាយតម្លៃ ដូចលេខឡូតូប៉ុណ្ណោះ។ លោកប្រាប់អង្គការអ្នកកាសែតគ្មានព្រំដែនថា ទោះជាដាក់ចំណាត់ថ្នាក់កម្ពុជា ដល់លេខប៉ុន្មានក៏គ្មានអ្នកខ្វល់ដែរ។

ពាក់ព័ន្ធនឹងករណីនេះ លោក ពុយ គា បានលើកឡើងថា ការវាយតម្លៃលើសេរីភាពសារព័ត៌មាន មាន៣កត្តាសំខាន់ៗ ក្នុងនោះមានការប្តឹងអ្នកសារព័ត៌មាន ការឃុំខ្លួនអ្នកសារព័ត៌មាន និងអ្នកដាក់ពន្ធនាគារលើអ្នកសារព័ត៌មាន។ កត្តាទាំងនេះបានជំរុញឱ្យមានការវាយតម្លៃអំពីការធ្លាក់ចុះនៃសេរីភាពអ្នកសារព័ត៌មាន។ លោកលើកឡើងថា ច្បាប់សារព័ត៌មាន គឺនៅពេលមានការផ្សាយដោយខុសឆ្គង គឺតម្រូវឱ្យមានការបំភ្លឺដើម្បីកែតម្រូវ ប៉ុន្តែបើសិនជាអាជ្ញាធរទៅចាប់ខ្លួន វាធ្វើឱ្យសិទ្ធិសេរីភាពសារព័ត៌មានធ្លាក់ចុះ។

ក្នុងវេទិកាតុមូលស្ដីពី «សេរីភាពសារព័ត៌មាននៅកម្ពុជា» នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាត្រូវការស្ថាប័នសារព័ត៌មានដែលមានថាមពល និងវិជ្ជាជីវៈត្រឹមត្រូវ។ លោកសូមអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ដោយមិនត្រូវគិតថា មានបណ្ណសារព័ត៌មានហើយ ធ្វើអ្វីស្រេចតែចិត្តនោះទេ គឺយើងទាំងអស់គ្នានៅក្នុងច្បាប់ទាំងអស់។

លោក ផៃ ស៊ីផាន បានលើកឡើងនូវពាក្យស្លោករបស់សម្តេចតេជោ ហ៊ុន សែន ដែលថា «អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» ដើម្បីដាស់តឿនអ្នកសារព័ត៌មានឱ្យប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ព្រមទាំងបានលើកឡើងនូវអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសជួបជុំជាមួយអ្នកសារព័ត៌មាន ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ដែលក្នុងនោះមាន៖

១៖ អ្នកសារព័ត៌មានត្រូវចូលរួមចំណែករក្សាសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច
២៖ សារព័ត៌មានជាដៃគូមិនអាចខ្វះបាន របស់រាជរដ្ឋាភិបាល និងស្ថាប័នសាធារណៈ
៣៖ អ្នកសារព័ត៌មានចូលរួមសន្តិភាព ហើយសន្តិភាពសម្រាប់យើងទាំងអស់គ្នា
៤៖ អ្នកសារព័ត៌មានចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព
៥៖ ចាត់ទុកអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបានក្នុងការងាររដ្ឋ
៦៖ អ្នកសារព័ត៌មាន និងរដ្ឋាភិបាល រួមគ្នាកាន់តែធ្វើឱ្យមានតម្លាភាពក្នុងការងាររដ្ឋ
៧៖ ប្រយុទ្ធនឹងភាពអសកម្ម ភាពមិនប្រក្រតី និងអយុត្តិធម៌ នៅក្នុងសង្គម
៨៖ ចូលរួមប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ៕