(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ថ្ងៃដំបូងនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា បានដំណើរការយ៉ាងរលូន និងមានការចូលរួមសហការពីប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវគ្រប់ៗគ្នា។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន បានបញ្ជាក់យ៉ាងដូច្នេះថា «ជារួមប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទូទាំងប្រទេសគាត់ចូលរួមអនុវត្តច្បាប់យ៉ាងសស្រាក់សស្រាំ។ ដោយឡែក តាមត្រួតពិនិត្យរយៈពេលមួយថ្ងៃនេះ យើងឃើញថា ដំណើរការត្រួតពិនិត្យអនុវត្តច្បាប់តាមអនុក្រឹត្យលេខ៣៩ គឺដំណើរការដោយរលូន អត់មានបាតុភាពអ្វីធំដុំដែលនាំឲ្យរាំងស្ទះនោះទេ»។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមសហការល្អ ជាមួយសមត្ថកិច្ចអនុវត្តច្បាប់ចរាចរណ៍ ដែលបានត្រួតពិនិត្យឯកសារផ្សេងៗ នៅតាមដងផ្លូវសាធារណៈ។

សូមជម្រាបថា ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ដែលថ្ងៃដំបូងនៃការអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក (ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៤រៀសល) សមត្ថកិច្ចនគរបាលចរាចរណ៍អនុវត្តច្បាប់ទូទាំងប្រទេស បានរកឃើញយានយន្តល្មើសច្បាប់២,៦៥៨គ្រឿង ក្នុងនោះមានម៉ូតូ ២១៩៨គ្រឿង និងរថយន្ត៤៦០គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅល្ងាចថ្ងៃទី០១ ខែឧសភានេះ។

របាយការណ៍បានឲ្យដឹងថា ក្នុងចំណោមម៉ូតូល្មើសច្បាប់ ២១៩៨គ្រឿងមាន៖ អត់មួក ១៩១០គ្រឿង, អត់កញ្ចក់ ១៦៥គ្រឿង, ល្មើសសញ្ញាចរាចរណ៍ ៦៥គ្រឿង, ដឹកលើសចំណុះ២គ្រឿង, អត់ស្លាកលេខ ១៣២គ្រឿង, ប្រើទូរស័ព្ទពេលបើកបរ ៥គ្រឿង និងបទល្មើសផ្សេងៗ ៨៤គ្រឿង។

សម្រាប់រថយន្តល្មើសមានចំនួន ៤៦០គ្រឿង ក្នុងនោះរថយន្តធុនស្រាល៣៩៤គ្រឿង និងរថយន្តធុនធ្ងន់ ៦៦គ្រឿង៖ បើកល្មើសល្បឿន ៥៥គ្រឿង, អត់បណ្ណបើកបរ ៣២គ្រឿង, ល្មើសសញ្ញាចរាចរណ៍ ១០គ្រឿង, អត់ពាក់ខ្សែក្រវាត់ ២៦៣គ្រឿង, ដឹកលើសចំណុះ៨គ្រឿង, អត់ស្លាកលេខ ១៤គ្រឿង, ប្រើទូរស័ព្ទពេលបើកបរ ៣គ្រឿង និងបទល្មើសផ្សេងៗ ៧៥គ្រឿង៕