(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងថា យោងតាមអនុក្រឹត្យលេខ៣៩ ជនណាដែលល្មើសច្បាប់ចរាចរណ៍ផ្លូវគោក មានរយៈពេល១៥ ដើម្បីទៅបង់ប្រាក់ពិន័យ។

លោកបន្តថា រយៈពេលកំណត់នៃការបង់ប្រាក់ពិន័យនេះ បើទុកដល់រយៈពេល ៣០ថ្ងៃ ត្រូវពិន័យគុណនឹង២ដង ហើយបើសិនជាទុកដល់រយៈពេល ៦០ថ្ងៃ ត្រូវពិន័យគុណនឹង៣ ខណៈទុកលើសពី ៦០ថ្ងៃ ត្រូវបញ្ជូនទៅតុលាការ ដើម្បីចាប់ការបន្តតាមនីតិវិធី។

ថ្លែងនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ក្នុងឱកាសដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌ស្ដីពី «ការរឹតបន្ដឹងច្បាប់ចរាចរណ៍ ដោយបង្កើនការផាកពិន័យតាមអនុក្រឹត្យថ្មី» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងអនុក្រឹត្យ ៣៩ គឺមានការចែងច្បាស់លាស់ហើយ គឺថាកំណត់១៥ថ្ងៃ ក្នុងការបង់ពិន័យអន្តរការណ៍នេះ ហើយរួចពីនេះទៅនឹងត្រូវទទួលការតម្លើងប្រាក់ពិន័យ ១ជា២ដង រហូតដល់៣០ថ្ងៃ ហើយ៦០ថ្ងៃ គឺកើន១ជា៣ដង ហើយលើសពី ៦០ថ្ងៃ គឺនឹងត្រូវបញ្ជូនទៅតុលាការ»

បើតាមនាយឧត្តមសេនីយ៍ ហ៉ឺម យ៉ាន ការបង់ប្រាក់ពិន័យ ត្រូវបង់នៅស្នាក់ការកណ្តាលនគរបាល ដែលនៅជិតលោកអ្នកបំផុត។ លោកដាស់តឿនថា ការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ ការខាតបង់របស់ប្រជាពលរដ្ឋ នឹងមិនមាននោះទេ បើសិនជាពួកគាត់គោរពច្បាប់ ពោលគាត់មានតែផលចំណេញមកវិញ ដោយសារគាត់អាចរក្សាជីវិតបាន។

លោក បានបន្តថា សម្រាប់ប្រទេសកម្ពុជាយើងជំងឺកូវីដ១៩ មិនទាន់មានបណ្តាលឲ្យស្លាប់ទេ ទោះបីវាជាជំងឺឆ្លងដែលពិភពលោកខ្លបខ្លាចក៏ដោយ ខណៈរាជរដ្ឋាភិបាលយើង បានខិតខំបង្ការ និងទប់ស្កាត់មិនឲ្យមានដល់គ្រោះថ្នាក់ដល់ស្លាប់។ ផ្ទុយទៅវិញ គ្រោះថ្នាក់ចរាចរណ៍នេះ បាននិងកំពុងបណ្តាលឲ្យមានមនុស្សស្លាប់រាល់ថ្ងៃឥតឈប់ឈរ។

លោកលើកឡើងថា បញ្ហាដែលគ្រោងថារឹតបន្តឹងច្បាប់ចរាចរណ៍នេះ មិនមែនទើបតែគ្រោងពេលនេះទេ គឺគ្រោងតាំងពីខែតុលា ឆ្នាំ២០១៩មកម្លេះ ក្រោយពីមើលឃើញថា កំណើននៃគ្រោះថ្នាក់ក្នុងឆ្នាំ២០១៩ មានការកើនឡើងខ្ពស់។ លោកបន្ថែមទៀតថា តម្លៃកម្រិតពិន័យនេះ មិនស្មើនឹងកម្រិតការព្យាបាលរបួស នៃអ្នកគ្រោះថ្នាក់ចរាចរណ៍ទេ។

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបញ្ជាក់ថា «បើនិយាយពីអត់មួក ហើយបែកក្បាលវិញ គឺបើបែកក្បាលធ្ងន់ធ្ងរ ព្យាបាលមិនតិចពាន់ ឬម៉ឺនដុល្លារទេ ហើយក៏មិនអាចពេលខ្លះ មានជីវិតបានដែរ។ កម្រិតពិន័យ ៦ម៉ឺន ក៏មិនស្មើតម្លៃមួកល្អមួយផង ដែលមួកល្អគឺអាច ២០ដុល្លារជាង»

សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យថ្មី ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានបង្កើនការផាកពិន័យលើបទល្មើសមួយចំនួន នៃចរាចរណ៍ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ អនុក្រឹត្យនេះបានទុករយៈពេល១ខែ ទើបអនុវត្តន៍ ដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹង។

អនុក្រឹត្យថ្មីស្តីពីការផាកពិន័យក្នុងអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក បានកំណត់ថា៖

* សម្រាប់អ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ឬម៉ូតូកង់៤៖

១៖ ពិន័យទឹកប្រាក់ចំនួន ៦ម៉ឺនរៀល ចំពោះអ្នកបើកបរ និងរួមដំណើរ ព្រមទាំងកុមារមានអាយុចាប់ពី៣ឆ្នាំឡើងទៅ មិនពាក់មួកសុវត្ថិភាព ឬពាក់មួកសុវត្ថិភាពមិនត្រឹមត្រូវតាមស្តងដារជាតិ ឬពាក់មួកសុវត្ថិភាពដោយមិនដាក់គន្លឹះខ្សែសុវត្ថិភាព។

២៖ ពិន័យទឹកប្រាក់៨ម៉ឺនរៀល ចំពោះអ្នកបើកបរ ប្រើទូរស័ព្ទនៅពេលបើកបរដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។

៣៖ ពិន័យទឹកប្រាក់ ១០ម៉ឺនរៀល ចំពោះអ្នកបើកបរបង្ហោះ រេចុះរេឡើង ឆាបឬគៀរ, បើកបរអូសជន្ទល់លើផ្លូវថ្នល់ ឬព្រលែងចង្កូត ឬលើកជើងដាក់លើដៃចង្កូត, បើកបរបញ្ចេញសម្លែងម៉ាស៉ីនខ្លាំង ឬផ្សែងច្រើនខុសពីបទដ្ឋានបច្ចេកទេ។

៤៖ ពិន័យទឹកប្រាក់ ១២ម៉ឺនរៀល ចំពោះអ្នកបើកបរ ដោយគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ ឬហួសសុពលភាព, បើកបរដោយគ្មានបណ្ណសម្គាល់ ឬផ្លាកលេខ, បើកបរដោយមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានតាមច្បាប់កំណត់។

៥៖ ពិន័យទឹកប្រាក់ ១៥ម៉ឺនរៀល ចំពោះអ្នកបើកបរដែលប្រណាំងគ្នាដោយគ្មានការអនុញ្ញាតលើផ្លូវសម្រាប់ធ្វើចរាចរណ៍ជាសាធារណៈ។

៦៖ ត្រូវពិន័យចំនួនទឹកទឹកប្រាក់ ២៥ម៉ឺនរៀល ចំពោះអ្នកបើកបរដែលស្ថិតក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០.២៥ ទៅ ០.៣៥មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៥ ទៅ ០.៧៩ក្រាម ក្នុងមួយលីត្រឈាម។

៧៖ ពិន័យ ១លានរៀល ចំពោះអ្នកបើកបរក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០.៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៨០ក្រាមក្នុងមួយលីត្រឈាម។

* សម្រាប់អ្នកបើកបរយានយន្តធុនស្រាល និងធុនធ្ងន់៖

១៖ បើកគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ
* សម្រាប់យានយន្តធុនស្រាល ពិន័យទឹកប្រាក់ ១លាន ពីរសែនរៀល។
* សម្រាប់យានយន្តធុនធ្ងន់ ពិន័យទឹកប្រាក់ ២លាន ៤សែនរៀល។

ក្នុងករណីជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តបទល្មើសនេះទៀតក្នុងរយៈពេល៦ខែ ចាប់គិតពីការពិន័យអន្តរការណ៍លើកមុន ត្រូវផ្តន្ទាទោសតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

២៖ អ្នកបើកបរក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០.៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៨០ក្រាមក្នុងមួយលីត្រឈាម៖
* ពិន័យ ២លានរៀល សម្រាប់យានយន្តធុនស្រាល
* ពិន័យ ៤លានរៀល សម្រាប់យានយន្តធុនធ្ងន់

ក្នុងករណីដែលជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តបទល្មើសនេះទៀត ក្នុងរយៈពេល៦ខែ គិតពីការពិន័យអន្តរការណ៍លើកមុន ត្រូវផ្តន្ទាសទោសតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕