(ភ្នំពេញ)៖ ទោះបីជាការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យថ្មីពាក់ព័ន្ធនឹងការរឹងបន្តឹងលើច្បាប់ចរាចរណ៍ នឹងធ្វើឡើងចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ស្អែកនេះក៏ដោយ ប៉ុន្តែនគរបាលនឹងកំណត់យកបទល្មើសអាទិភាពតែ១៦ប៉ុណ្ណោះ ក្នុងនោះមានបទល្មើសម៉ូតូចំនួន៧ និងបទល្មើសបើកបររថយន្តចំនួន៩ ដើម្បីមកអនុវត្តមុនគេ ហើយបទល្មើសផ្សេងៗទៀត នឹងធ្វើឡើងនៅពេលខាងមុខ។ នេះបើតាមការអះអាងរបស់ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោក ហ៉ឹម យ៉ាន បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅរសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តីថា ការជូនដំណឹងអំពីការរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍នៅកម្ពុជា បានធ្វើឡើងតាំងពីខែមករា ឆ្នាំ២០២០ មកម្ល៉េះ មិនមែនទើបនឹងពេលនេះទេ។

បទល្មើសម៉ូតូចំនួន៧ ក្នុងចំណោម៣៣ ដែលនឹងត្រួតពិនិត្យមុនគេនេះរួមមាន៖ ទី១៖ មិនពាក់មួកសុវត្ថិភាព ទី២៖ ស្រវឹង ទី៣៖ មិនគោរពភ្លើង និងស្លាកសញ្ញា ទី៤៖ ល្មើសការបត់ និងវ៉ាជែង ទី៥៖ ដឹកលើចំណុះ ទី៦៖ គ្មានស្លាកលេខ និងទី៧៖ ប្រើប្រាស់ទូរស័ព្ទដោយគ្មានកាស។ ដោយឡែកបទល្មើសរថយន្តទាំង៩ ក្នុងចំណោម៤១ ដែលត្រួតពិនិត្យមុនគេ គឺទី១៖ ល្បឿន ទី២៖ ស្រវឹង ទី៣៖ គ្មានបណ្ណបើកបរ ទី៤៖ មិនគោរពភ្លើងសញ្ញា ទី៥៖ ល្មើសក្នុងការបទ និងវ៉ាជែង ទី៦៖ មិនពាក់ខ្សែក្រវ៉ាត់ ទី៧៖ ដឹកលើសចំណុះ ទី៨៖ គ្មានស្លាកលេខ និងទី៩៖ និយាយទូរស័ព្ទដោយគ្មានឧករណ៍ភ្ជាប់សំឡេង

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានថ្លែងថា សម្រាប់ការបើកបរយានយន្ត ត្រូវតែយកច្បាប់ដើមបណ្ណបើកបរ តាមខ្លួនជានិច្ច ហើយអ្នកធ្វើអាជីវកម្ម ត្រូវមានលិខិតអនុញ្ញាតធ្វើអាជីវកម្ម ក្រៅពីនោះឯកសារផ្សេងទៀត អាចប្រើប្រាស់ឯកសារចម្លងបាន។ នាយឧត្តមសេនីយ៍បានថ្លែងថា អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងជូនរង្វាន់លើកទឹកចិត្តចំពោះនគរបាលចរាចរណ៍ ដែលអនុវត្តការងារតាមច្បាប់បានល្អ ហើយនឹងដាក់ពិន័យចំពោះនគរបាលដែលអនុវត្តខុស និងអសកម្ម។

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបញ្ជាក់ថា ការអនុវត្តអនុក្រឹត្យ ចាប់ពីថ្ងៃទី១ ខែឧសភា ស្អែកនេះ តទៅ គឺផ្តោតតែលើបទល្មើសចរាចរណ៍ដែលបង្កគ្រោះថ្នាក់ខ្ពស់ ដែលក្នុងនោះមានម៉ូតូ៧បទល្មើស និងរថយន្ត៩បទល្មើសប៉ុណ្ណោះ ហើយនគរបាលចរាចរណ៍ នឹងមិនមានការឃាត់រថយន្តដែលបើកបរគោរពច្បាប់តាមដងផ្លូវនោះទេ គឺឃាត់តែរថយន្តដែលមិនគោរពច្បាប់។

ក្នុងនាមអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយស្មារតីភ្ញាក់រលឹក និងទទួលខុសត្រូវ។ លោកថ្លែងថា អនុក្រឹត្យថ្មី នឹងធ្វើឱ្យគ្រោះថ្នាក់ចរាចរណ៍ថយចុះ ឬយ៉ាងណា គឺអាស្រ័យលើការចូលរួមរបស់អ្នកប្រើប្រាស់ផ្លូវ។

ពាក់ព័ន្ធនឹងប្រាក់រង្វាន់វិញ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន ក៏បានបង្ហើបអំពីការបែងចែកប្រាក់ផាកពិន័យ ដែលក្នុងនោះមានចំណែក៧០ភាគរយ ត្រូវបានលើកទឹកចិត្តដល់នគរបាលដែលអនុវត្តផ្ទាល់ ២៥ភាគរយប្រគល់ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ និង៥ភាគរយ ត្រូវបង់ចូលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ដោយឡែកពាក់ព័ន្ធនឹងចម្ងល់របស់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គម ដែលថា ហេតុអ្វីក៏នគរបាលមានការផាកពិន័យធ្ងន់ធ្ងរចំពោះបទល្មើសចរាចរណ៍ នៅក្នុងដំណាក់កាលកូវីដ១៩នេះទៅវិញនោះ? នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន ថ្លែងថា កូវីដ១៩ មិនបានធ្វើឱ្យពលរដ្ឋខ្មែរណាម្នាក់ស្លាប់ទេ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សរាល់ថ្ងៃ និងបង្ករបួសជាបន្តបន្ទាប់។

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន ថ្លែងថា ការខាតបង់របស់ប្រជាពលរដ្ឋចំពោះការផាកពិន័យនេះ គឺគ្មានទេ បើសិនជាគាត់គោរពច្បាប់បើកបរត្រឹមត្រូវ។ ការផាកពិន័យ គឺមានរយៈពេល១៥ថ្ងៃ ដែលត្រូវបង់ ហើយលើសពីនេះ អាចពិន័យ២ដង ហើយបើសិនជាមិនបង់ការផាកពិន័យ គឺអាចនឹងឡើងតុលាការ។

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន ថ្លែងថា ការរឹតបន្តឹងចាប់ពីស្អែកទៅនេះ គឺមិនទាន់បញ្ចូលបទល្មើសរថយន្តមិនទាន់ឆៀកទេ ប៉ុន្តែតទៅមុខទៀត នឹងបញ្ចូល៕