(ភ្នំពេញ)៖ លោកស្រី ម៉ន ដានី នាយិកាក្រុមហ៊ុន ម៉ន ដានី រៀលអ៉ីស្ទេត និងស្វាមីរបស់លោកស្រី គឺលោក ផង់ផាន់ ឃុនថាវង្ស នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគថវិកាចំនួន ៤០ លានរៀលជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចមួយបង្កើតគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ គណៈកម្មការនេះដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដោយអនុប្រធានប្រធាន ៥ រូប និងសមាជិក ៤០ នាក់ ដែលក្នុងនោះមាន ២០ នាក់មកពីបណ្តាក្រសួងស្ថាប័នផ្សេងៗ និងសមាជិកដទៃទៀតជាអភិបាលរាជធានី-ខេត្ត។

គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ មានភារកិច្ចកំណត់គោលគោលនយោបាយ និងយុទ្ធសាស្ត្រជាតិពាក់ព័ន្ធការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដឹកនាំអនុវត្តផែនការយុទ្ធសាស្ត្រក្នុងការបង្ការការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ១៩ គ្រង់គ្រងផលប៉ះពាល់លើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គមទាំងកម្រិតជាតិ និងអន្តរជាតិ៕