(ភ្នំពេញ)៖ មុននឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យថ្មី ពាក់ព័ន្ធនឹងការរឹងបន្តឹងលើច្បាប់ចរាចរណ៍មួយថ្ងៃ គឺចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ នាយឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានអះអាងថា អគ្គស្នងការនគបាលរជាតិ នឹងដាក់ពិន័យ ឬចាត់វិធានការ តាមផ្លូវច្បាប់ឱ្យធ្ងន់ធ្ងរ លើកងកម្លាំងនគរបាលចរាចរណ៍រូបណា ដែលហ៊ានប្រព្រឹត្ត ឬអនុវត្តន៍ច្បាប់ ខុសពីក្រមសីលធម៌វិជ្ជាជីវៈ ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន។

ការអះអាងបែបនេះ របស់នាយឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន បានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វិធានការណ៍រឹតបន្ដឹងច្បាប់ចរាចរណ៍ ដែលចាប់ផ្តើមថ្ងៃទី១ ខែឧសភា» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានអះអាងយ៉ាងដូច្នេះថា៖ «បញ្ហានគរបាលខុសឆ្គងនេះ ជាបុគ្គលកន្លងទៅគឺអាចមានជាបុគ្គល ហើយក៏ត្រូវបានវិនិច្ឆ័យ ទៅតាមវិន័យ តាមច្បាប់របស់កងកម្លាំងនគរបាល មានការទទួលខុសត្រូវបណ្តេញចេញពីជួរអីជាដើម។ល។ ហើយទី២ ច្បាប់ចរាចរណ៍ក៏មានចែងច្បាស់ ប្រសិនបើនគរបាលចរាចរណ៍ណាប្រព្រឹត្តខុសឆ្គង ក្នុងការបំពេញភារកិច្ច គឺត្រូវទទួលទោសតាមច្បាប់ជាធរមាន»

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបន្តថា ដោយឡែកនៅក្នុងការត្រៀមអនុវត្តវិធានការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពិសេសពាក់ព័ន្ធ នឹងការអនុវត្តអនុក្រឹត្យថ្មីស្ដីពី ការផាកពិន័យចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលមានការបង្កើនកម្រិតទឹកប្រាក់ ផាកពិន័យហើយដែលសមត្ថកិច្ច នឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ អគ្គស្នងការនគរបាលជាតិ ក៏បានពង្រឹងវិន័យយ៉ាងច្បាស់ ជាមួយមន្ត្រីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវបំផុតតាមច្បាប់ដែលមានចែងជាធរមាន។

នាយឧត្តមសេនីយ៍ បានបន្ថែមថា មុនពេលអនុវត្តវិធានការនេះដែរ ថ្នាក់អគ្គស្នងការនគរបាលជាតិ ក៏បានហៅស្នងការនគរបាល រាជធានី-ខេត្តទាំងអស់ មកប្រជុំពិភាក្សាគ្នា ដើម្បីយកវិធានការនេះទៅអនុវត្តឱ្យមានតម្លាភាព យុត្តិធម៌ ប្រសិទ្ធភាព ជាពិសេសមិនត្រូវមាន ភាពអសកម្មណាមួយចំពោះតួនាទី របស់ខ្លួនក្នុងនាមជាសមត្ថកិច្ចអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រសិនបើមានមន្ត្រីណាមួយអសកម្ម ឬអនុវត្តខុសតាមបទបញ្ជា ឬច្បាប់ នឹងត្រូវទទួលទោស តាមផ្លូវច្បាប់ជាធរមានផងដែរ។

បន្ថែមពីនេះ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ដល់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះថា អគ្គស្នងការនគរបាលជាតិ បានចេញបញ្ជាណែនាំដល់ស្នងការទាំងអស់ ឱ្យណែនាំដល់មន្រ្តីអនុវត្តច្បាប់ចរាចរណ៍នៅទូទាំងប្រទេស ឱ្យបំពេញតួនាទីភារកិច្ចប្រកបដោយវិជ្ជាជីវៈ ហាមដាច់ខាតធ្វើសកម្មភាពអសកម្ម ប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នឹងជូនរង្វាន់លើកទឹកចិត្តឱ្យមន្រ្តី ដែលអនុវត្តច្បាប់បានល្អ ប៉ុន្តែ ក៏ត្រូវដាក់ពិន័យកងកម្លាំង ដែលប្រព្រឹត្តអំពើខុសឆ្គង ដែលអនុវត្តមិនត្រឹមត្រូវតាមច្បាប់ ហើយបើធ្ងន់ធ្ងរ គឺយើងអនុវត្តច្បាប់ចំពោះមន្រ្តីនោះតែម្តង»

អ្នកនាំពាក្យអគ្គស្នងការដ្ឋានគរបាលជាតិ បានអះអាងថាបន្តថា «ការត្រួតពិនិត្យរបស់យើង គឺធ្វើឡើងដោយបច្ចេកទេស មិនមែនត្រួតពិនិត្យឆ្វេកឆ្វាច ដាក់ប៉ារ៉ាស់ឃាត់ឆែកគ្រប់ម៉ូតូ និងគ្រប់រថយន្តនោះទេ»

ការបញ្ជាក់របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើឡើងដោយសារមានការរិះគន់ពីប្រជាពលរដ្ឋថា កន្លងមកមន្ត្រីនគរបាលចរាចរណ៍ បានធ្វើសកម្មភាពខុសពីវិជ្ជាជីវៈ ក្នុងការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈការពួនស្ទាក់ជាដើម។

សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យថ្មី ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានបង្កើនការផាកពិន័យលើបទល្មើសមួយចំនួន នៃចរាចរណ៍ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ អនុក្រឹត្យនេះបានទុករយៈពេល១ខែ ទើបអនុវត្តន៍ ដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹង។

អនុក្រឹត្យថ្មីស្តីពីការផាកពិន័យក្នុងអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក បានកំណត់ថា៖

* សម្រាប់អ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ឬម៉ូតូកង់៤៖

១៖ ពិន័យទឹកប្រាក់ចំនួន ៦ម៉ឺនរៀល ចំពោះអ្នកបើកបរ និងរួមដំណើរ ព្រមទាំងកុមារមានអាយុចាប់ពី៣ឆ្នាំឡើងទៅ មិនពាក់មួកសុវត្ថិភាព ឬពាក់មួកសុវត្ថិភាពមិនត្រឹមត្រូវតាមស្តងដារជាតិ ឬពាក់មួកសុវត្ថិភាពដោយមិនដាក់គន្លឹះខ្សែសុវត្ថិភាព។

២៖ ពិន័យទឹកប្រាក់៨ម៉ឺនរៀល ចំពោះអ្នកបើកបរ ប្រើទូរស័ព្ទនៅពេលបើកបរដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។

៣៖ ពិន័យទឹកប្រាក់ ១០ម៉ឺនរៀល ចំពោះអ្នកបើកបរបង្ហោះ រេចុះរេឡើង ឆាបឬគៀរ, បើកបរអូសជន្ទល់លើផ្លូវថ្នល់ ឬព្រលែងចង្កូត ឬលើកជើងដាក់លើដៃចង្កូត, បើកបរបញ្ចេញសម្លែងម៉ាស៉ីនខ្លាំង ឬផ្សែងច្រើនខុសពីបទដ្ឋានបច្ចេកទេ។

៤៖ ពិន័យទឹកប្រាក់ ១២ម៉ឺនរៀល ចំពោះអ្នកបើកបរ ដោយគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ ឬហួសសុពលភាព, បើកបរដោយគ្មានបណ្ណសម្គាល់ ឬផ្លាកលេខ, បើកបរដោយមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានតាមច្បាប់កំណត់។

៥៖ ពិន័យទឹកប្រាក់ ១៥ម៉ឺនរៀល ចំពោះអ្នកបើកបរដែលប្រណាំងគ្នាដោយគ្មានការអនុញ្ញាតលើផ្លូវសម្រាប់ធ្វើចរាចរណ៍ជាសាធារណៈ។

៦៖ ត្រូវពិន័យចំនួនទឹកទឹកប្រាក់ ២៥ម៉ឺនរៀល ចំពោះអ្នកបើកបរដែលស្ថិតក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០.២៥ ទៅ ០.៣៥មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៥ ទៅ ០.៧៩ក្រាម ក្នុងមួយលីត្រឈាម។

៧៖ ពិន័យ ១លានរៀល ចំពោះអ្នកបើកបរក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០.៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៨០ក្រាមក្នុងមួយលីត្រឈាម។

* សម្រាប់អ្នកបើកបរយានយន្តធុនស្រាល និងធុនធ្ងន់៖

១៖ បើកគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ
* សម្រាប់យានយន្តធុនស្រាល ពិន័យទឹកប្រាក់ ១លាន ពីរសែនរៀល។
* សម្រាប់យានយន្តធុនធ្ងន់ ពិន័យទឹកប្រាក់ ២លាន ៤សែនរៀល។

ក្នុងករណីជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តបទល្មើសនេះទៀតក្នុងរយៈពេល៦ខែ ចាប់គិតពីការពិន័យអន្តរការណ៍លើកមុន ត្រូវផ្តន្ទាទោសតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

២៖ អ្នកបើកបរក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០.៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៨០ក្រាមក្នុងមួយលីត្រឈាម៖
* ពិន័យ ២លានរៀល សម្រាប់យានយន្តធុនស្រាល
* ពិន័យ ៤លានរៀល សម្រាប់យានយន្តធុនធ្ងន់

ក្នុងករណីដែលជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តបទល្មើសនេះទៀត ក្នុងរយៈពេល៦ខែ គិតពីការពិន័យអន្តរការណ៍លើកមុន ត្រូវផ្តន្ទាសទោសតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕