(ភ្នំពេញ)៖ ដោយមើលឃើញពីភាពលំបាកខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃរបស់ស្ត្រីបម្រើការងារតាមមជ្ឈមណ្ឌលសេវាកំសាន្តពេលរាត្រី ដែលបានបាត់បង់ការងារ ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩នោះ អង្គការតម្លៃស្ត្រី បានសហការជាមួយអង្គការ Ratanak Internatoinal នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២០នេះ បាននាំយកអំណោយ មួយចំនួនប្រគល់ជូនស្ត្រីទាំងនោះចំនួន៤០នាក់ នៅការិយាល័យអង្គការតំលៃស្រ្តី ស្ថិតនៅខ័ណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកស្រី សេង សុលីដា នាយិកាអង្គការតម្លៃស្ត្រី បានឱ្យដឹងថា នៅពេលជំងឺកូវីដ១៩ បានផ្ទុះឡើងភ្លាម សម្រាប់កន្លែងសេវាកំសាន្តពេលរាត្រីដូចជា បៀហ្គាឌិន បា និងខារ៉ាអូខេ ត្រូវបានបិទបណ្តោះអាសន្ន បានធ្វើឱ្យស្ត្រីបំរើសេវាពេលរាត្រី មានភាពលំបាកខ្វះខាតក្នុងជីវភាពជាខ្លាំងដោយសារតែត្រូវបាត់បង់ការងារ និងគ្មានប្រាក់ចំណូសម្រាប់ផ្គត់ផ្ទង់ គ្រួសាររបស់ពួកគាត់។ ដោយមើលឃើញពីភាពលំបាកយ៉ាងដូចនេះហើយ ទើបអង្គការតម្លៃស្ត្រីបានសហការជាមួយអង្គការ Ratanak Internatoinal នាំយកអំណោយដើម្បីជួយដល់ពួកគាត់ភ្លាមៗ ដើម្បីឱ្យពួកគាត់បានដោះស្រាយការលំបាកបានមួយគ្រាផងដែរ។

លោកស្រីបានឱ្យដឹងទៀតថា សម្រាប់អង្គការតម្លៃស្ត្រី ក្រៅពីស្វែងរកជំនួយដើម្បីជួយគាំទ្រស្ត្រីបម្រើការងារតាមសេវាកំសាន្តពេលរាត្រី ក៏មានជួយ បង្រៀនជំនាញផ្សេងៗដល់ពួកគាត់បន្ថែមទៀតដោយមិនគិតថ្លៃផងដែរ ដើម្បីជួយពួកគាត់ឱ្យមានការងារដែលសមរម្យផ្សេងទៀត។ លោកស្រីក៏បានអំពាវនាវដល់ មហាជនទាំងអស់សូមកុំមានការរើសអើង និងស្អប់ខ្ពើមស្ត្រីធ្វើការតាមបៀហ្គាឌិន បា និងខារ៉ាអូខេ ព្រោះដោយសារតែកត្តាជីវភាពក្រីក្រ ទើបគាត់បានសម្រេចចិត្ត ធ្វើការដូចនេះ ហើយពួកគាត់ក៏ត្រូវការភាពថ្លៃថ្នូររបស់ពួកគាត់ផងដែរ។

លោកស្រីនាយិកាអង្គការតម្លៃស្ត្រី ក៏បានថ្លែងអំណរគុណចំពោះប្រមុខថ្នាក់ដឹកនាំ ដែលតែងតែខិតខំស្វែងរកជំនួយដើម្បីជួយដល់ពលរដ្ឋក្រីក្រ ជនចាស់ជរា និងស្ត្រីមេម៉ាយ ដែលបានជួបប្រទះនូវការលំបាក ក្នុងកំឡុងពេលដែលប្រទេសជួបប្រទះនូវការលំបាកនេះ ហើយលោកស្រីបានប្តេជ្ញាថា សម្រាប់អង្គការតម្លៃស្ត្រី គឺនៅតែបន្តជាចំណែកមួយជួយដល់សង្គមខ្មែរ ជាពិសេសជួយដល់ស្ត្រីដែលបានជួបប្រទះនូវការលំបាកនេះផងដែរ។

ស្ត្រីម្នាក់ដែលជាអ្នករកស៊ីតាមសេវាកំសាន្តពេលរាត្រី បានឱ្យដឹងថា ក្រោយពីជំងឺកូវីដ១៩បានផ្ទុះឡើងភ្លាមៗ ធ្វើឱ្យគាត់បាត់បង់ការងារ និងបានជួបប្រទះនូវការលំបាកយ៉ាងខ្លាំង ដោយសារតែគាត់ត្រូវបាត់បង់ប្រាក់ចំណូលប្រចាំខែសម្រាប់ផ្គត់ផ្ទង់បន្ទុកគ្រួសារ ដែលពឹងផ្អែកទាំងស្រុកលើការងាររបស់គាត់។ ជាមួយគ្នានោះដែរ ការចំណាយក្នុងកំឡុង ពេលមានជំងឺកូវីដ១៩នេះអស់ច្រើន ដោយសារមិនបានរកប្រាក់ចំណូល ហើយម្ហូបអាហារ បន្លែ ត្រី សាច់នៅតាមផ្សារក៏មានការឡើងថ្លៃថែមទៀត ដែលធ្វើឱ្យជីវភាព គ្រួសារគាត់រឹតតែធ្លាក់ចុះខ្លាំង។

ស្រ្តីរូបនេះ ក៏បានស្នើទៅកាន់ប្រមុខថ្នាក់ដឹកនាំ សូមជួយទៅដល់ពួកគាត់ តាមរយៈការជួយជាថវិកា ស្បៀង និងជួយឱ្យពួកគាត់បានរៀនមានជំនាញមួយច្បាស់លាស់ក៏បាន ដើម្បីមានចំណូលបានផ្គត់ផ្ទង់ដល់ក្រុមគ្រួសារ។

សូមបញ្ជាក់ថា អំណោយដែលស្ត្រីទាំង៤០នាក់ ទទួលបានមាន អង្ករ ម៉ី ត្រីខ ទឹកលាងដៃ ម៉ាស់ ទឹកត្រី ទឹកស៊ីអីវ ស្ករស និងធុងចម្រោះទឹកមួយផងដែរ៕