(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានថ្លែងថា កម្ពុជាយើង នៅតែមានហានិភ័យ ទទួលរងនូវការវាយលុកពីវីរុសកូវីដ១៩ (COVID-19) គ្រប់ពេលវេលា និងគ្រប់ទីកន្លែង បើសិនជាយើងភ្លេចខ្លួន មិនមានការប្រុងប្រយ័ត្ននោះ។

លោកស្រីថ្លែងបន្ដថា «សូមកុំភ្លេចខ្លួន យើងអាចភ្លេចកូវីដ១៩ បានគ្រប់ពេលវេលា ក៏ប៉ុន្ដែកូវីដ១៩ មិនភ្លេចយើងនោះឡើយ ដូច្នេះសូមបន្ដប្រុងប្រយ័ត្ន និងអនុវត្ដដៃស្អាចជាប់ជានិច្ច»។ ទោះក្នុងរយៈពេលមកនេះ ជំងឺកូវីដ១៩នៅកម្ពុជា រកមិនឃើញករណីថ្មី និងមានអ្នកជាសះស្បើយជាបន្ដបន្ទាប់ ដោយបច្ចុប្បន្ន សល់អ្នកឈឺតែ៣នាក់ ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៃអ្នកឆ្លងសរុប១២២នាក់នេះ។

លោកស្រីរដ្ឋលេខាធិការ បានថ្លែងបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News តាមរយៈកិច្ចសម្ភាសពិសេសថា «យើងគឺស្ថិតនៅក្នុងស្ថានភាព ត្រៀមលក្ខណៈ និងប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយសារស្ថានភាព នៅលើសកលលោកជំងឺកូវីដ១៩ នៅតែមាននៅឡើយ និងកើនឡើងជាបន្ដបន្ដបន្ទាប់ ដែលមានអ្នកឆ្លងនៅលើសកលលោក មានរហូតដល់ទៅជាង៣លាននាក់ និងស្លាប់ជាង២០ម៉ឺននាក់»

លោកស្រីលើកឡើងថា ការរាតត្បាតនៃជំងឺកូវីដ១៩ មិនទាន់ចប់នោះទេ ហេតុនេះយើងត្រូវតែត្រៀមលក្ខណៈ ប្រសិនបើមានថ្ងៃណាមួយ មានការរាតត្បាត ជាលក្ខណៈរលកទីពីរនេះឡើង។ ជាក់ស្ដែងដូចនៅសិង្ហបុរី ដោយឃើញការរាតត្បាតនេះ មានការថមថយវិញ ក៏មានបំពេញការងារ ពលរដ្ឋធ្វើដំណើរចល័ត និងវិលត្រលប់រស់នៅបែបធម្មតាវិញ កន្លងផុតតែមួយរយៈពេល បានធ្វើឱ្យមានការផ្ទុះឡើងជាលើកទី២ ដែលធ្វើឱ្យមានករណីកើនឡើងយ៉ាងរហ័ស រហូតដល់ទៅជាងមួយម៉ឺនករណី៕