(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុក វិស័យឯកជនជាចលករដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ក្នុងបរិការណ៍ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាល និងវិស័យឯកជនកំពុងតែប្រឈមនឹងបញ្ហារួម ក្នុងការបន្តលើកកម្ពស់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព ឬអាចនិយាយបានថា រាជរដ្ឋាភិបាល និងវិស័យឯកជនកំពុងធ្វើដំណើរក្នុង «ទូកតែមួយ រួមសុខរួមទុក្ខជាមួយគ្នា»

ការលើកឡើងបែបនេះរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងឱកាសលើកដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយវិស័យឯកជន ដើម្បីពិនិត្យ និងពិភាក្សាលើ «ស្ថានភាពអាជីវកម្មនាពេលបច្ចុប្បន្ន និងវិធានការចាំបាច់នានា» នៅក្នុងបរិបទដែលជំងឺកូវីដ-១៩ ដែលបាននិងកំពុងបន្តរីករាលដាល ក្នុងតំបន់ និងសកល។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីធុរជនកម្ពុជា និងបរទេសសំខាន់ៗ មកពីវិស័យធនាគារ, ឧស្សាហកម្ម, ទេសចរណ៍, សំណង់, ឡូជីស្ទីក, សហគ្រាសធុនតូច និងមធ្យម, វិស័យស្រូវអង្ករ-ល-។

ការរីករាលដាលនៃជំងឺកូវីដ-១៩ បាននិងកំពុងគំរាមកំហែងកាន់តែខ្លាំងឡើង មកលើដំណើរការអាជីវកម្ម ក្នុងវិស័យសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា ដោយសារកំណើនសេដ្ឋកិច្ចតំបន់ និងសកល មានការថមថយជាពិសេសការធ្លាក់ចុះ នៃតម្រូវការក្នុងទីផ្សារខាងក្រៅ, ការបិទការធ្វើដំណើររបស់ប្រទេសក្នុងតំបន់ និងសាកលលោក និងប្រសិទ្ធិភាពនៅមានកម្រិត នៃការអនុវត្តនូវវិធានការបង្ការ និងទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩។

ទោះបីជាស្ថានភាពនៃជំងឺកូវីដនេះ មានភាពប្រសើរឡើងវិញ ជាលំដាប់រាជរដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុកដាក់ខ្ពស់ និងគិតគូរប្រកបដោយភាពបុរេសកម្ម ក្នុងការគ្រប់គ្រងជំងឺរាតត្បាតនេះ ព្រមទាំងការកាត់បន្ថយផលប៉ះពាល់ អវិជ្ជមានដល់សង្គម និងសេដ្ឋកិច្ច។

 ក្នុងន័យនេះ, ការចូលរួមចំណែកក្នុងការរំលែកទុក្ខលំបាក និងដោះស្រាយបញ្ហាប្រឈមរួមចំពោះមុខ និងក្នុងការជួយស្ដារការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងអំឡុងពេលលំបាកនេះគឺជា «កត្តាចាំ បាច់មិនអាចខ្វះបាន»។ ជាក់ស្ដែង, រាជរដ្ឋាភិបាល បានដាក់ចេញ នូវវិធានការអន្តរាគមន៍ចំនួន៣ជុំ រួចមកហើយ ដើម្បីគ្រប់គ្រងផលប៉ះពាល់ នៅក្នុងវិស័យសំខាន់ ៗ ដោយគិតគូរ លើគ្រប់ទិដ្ឋភាពក្នុងការ៖

* ទី១៖ ជួយដល់ក្រុមហ៊ុន, រោងចក្រ, សហគ្រាស និងអាជីវកម្មដែលទទួលរងផលប៉ះពាល់ ដើម្បីឲ្យក្រុមហ៊ុនទាំងនោះ អាចបន្តអាជីវកម្មបាន

* ទី២៖ ជួយដល់កម្មករ-និយោជិតដែលបាត់បង់ ឬត្រូវព្យួរការងារ ឲ្យមានលំនឹងជីវភាព
* ទី៣៖ ទ្រទ្រង់កំណើន ជាពិសេស ជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

ជារួម, វិស័យឯកជនបានវាយតម្លៃខ្ពស់ ចំពោះវិធានការអន្តរាគមន៍ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកន្លងមក។ ទន្ទឹមនឹងនេះ, តំណាងពីធុរជនសំខាន់ៗ ក៏បានលើកឡើងអំពី ការវាយតម្លៃស្ថានភាពធុរកិច្ចបច្ចុប្បន្ននៅកម្ពុជា និងលើកឡើងអំពីបញ្ហាប្រឈម ដែលកំពុងបន្តជួបប្រទះ ក្នុងវិស័យនីមួយៗបន្ថែមទៀត និងបានស្នើជាវិធានការ ជូនរាជរដ្ឋាភិបាលពិចារណាផងដែរ សំដៅចូលរួមចំណែកស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។

ជាមួយគ្នានេះ, វិស័យឯកជន ក៏បានសម្ដែងពីឆន្ទៈយ៉ាងមុះមុត និងការអត់ធ្មត់របស់ខ្លួន ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការ ដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនានា។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងពិចារណា លើធាតុចូលទាំងនេះ ដើម្បីរៀបចំ ជាកញ្ចប់វិធានការ អន្តរាគមន៍បន្តបន្ទាប់ទៀត ដើម្បីស្តារ និងជំរុញសេដ្ឋកិច្ចកម្ពុជា។ វិស័យឯកជន និងរាជរដ្ឋាភិបាល ត្រូវបន្តសហការយ៉ាងជិតស្និត ក្នុងការត្រៀម កំលាំងរួចជាស្រេច ក្នុងការចាប់យកកាលានុវត្តភាពថ្មីនានា ដែលអាចកើតមានឡើងក្នុងអំឡុងពេល និងក្រោយ វិបត្តិជំងឺកូវីដ-១៩។

ជាចុងក្រោយ, លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណ ដល់វិស័យឯកជនដែល បានខិតខំប្រឹងប្រែងចូលរួម និងផ្តល់កិច្ចសហការយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕