(ភ្នំពេញ)៖ អ្នកជំនាញផ្នែកសេដ្ឋកិច្ច២រូប បានបញ្ចេញនូវទស្សនៈនៅលើ Facebook របស់ខ្លួនឆ្លើយតបជំរុញរបាយការណ៍របស់អង្គការសង្គមស៊ីវិល ដែលមានចំណងជើងថា «បំណុលមីក្រូហិរញ្ញវត្ថុ គួរត្រូវបានព្យួរ និងប្រគល់បណ្ណកម្មសិទ្ធិដីធ្លីឲ្យម្ចាស់ទ្រព្យវិញនា អំឡុងការរីករាលដាលជំងឺកូវីដ១៩»

លោក ង៉ែត ជូរ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានលើកឡើងថា សំណើរសុំមិនបង់ប្រាក់៣ខែ និងដកទ្រព្យធានាជាសំណើរខ្វះវិជ្ជាជីវៈ ដែលអាចធ្វើឲ្យវិស័យហិរញ្ញវត្ថុដួលរលំ ដោយថ្មីៗនេះអង្គការសង្គមស៊ីវិលសុំឲ្យគ្រឹះស្ថានធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ពន្យារការសងប្រាក់កម្ចីរយៈពេល៣ខែ និងប្រគល់ទ្រព្យធានាប្លង់អចលនទ្រព្យបញ្ចាំជូនអតិថិជនវិញ។

លោក ង៉ែត ជូរ បានបន្ដថា «ក្នុងនាមខ្ញុំជាបុគ្គលឯករាជ្យ មិនមានផលប្រយោជន៍ ឬធ្វើជំនួញក្នុងវិស័យនេះខ្ញុំយល់ថា ការស្នើសុំមិនមានលក្ខណៈវិជ្ជាជីវៈនោះទេ ហើយអាចបង្ករហានិភ័យ ដល់វិស័យហិរញ្ញវត្ថុទាំងមូល»

លោក ង៉ែត ជូរ បានអះអាងហេតុផលថា៖

១៖ ត្បិតមិនមែនគ្រប់អតិថិជនទាំងអស់ សុទ្ធតែទទួលរងផលប៉ះពាល់អវិជ្ជមាន រហូតបាត់បង់លទ្ធភាពសងប្រាក់ទាំងស្រុងនោះទេ។ អតិថិជនខ្លះនៅមានលទ្ធភាព សងឥណទានទាំងប្រាក់ដើម និងការប្រាក់ខ្លះមានលទ្ធភាពបង់តែការប្រាក់ ខ្លះបាត់បង់ចំណូលទាំងស្រុងជាដើម ចំណែកឯរូបខ្ញុំផ្ទាល់ក៏ជាអតិថិជន របស់ធនាគារ ហើយនៅតែមានលទ្ធភាព បង់ប្រាក់ជាធម្មតាហើយក៏គ្មានចេតនា សុំផ្អាកការបង់ប្រាក់នោះដែរ ដរាបណានៅមានលទ្ធភាពបង់ទាំងនេះ ជាវិន័យហិរញ្ញវត្ថុដែលយើងទាំងអស់គ្នា ត្រូវប្រកាន់ខ្ជាប់ក្នុងបរិបទសេដ្ឋកិច្ចបែបហិរញ្ញវត្ថុ (Finance Economy)។

២៖ តើអតិថិជនចង់បានទ្រព្យធានាមកវិញទៅធ្វើអ្វី? ភាពយុត្តិធម៌ គឺយើងខ្ចីប្រាក់យកមកប្រើ យើងត្រូវតម្កល់ទ្រព្យធានា។ ប្រសិនបើហ៊ានបណ្តោយឲ្យដកទ្រព្យធានា អាចនឹងមានបាតុភាព អនាធិបតេយ្យដែលជាបច្ច័យឈាន ដល់ការដួលរលំនៃវិស័យហិរញ្ញវត្ថុទាំងមូល ម្យ៉ាងទៀតទោះជាទ្រព្យធានា (ប្លង់) នៅជាប់បញ្ចាំនៅគ្រះស្ថានធនាគារ និងហិរញ្ញវត្ថុ ម្ចាស់អចលនទ្រព្យនៅតែអាចប្រើអចលនទ្រព្យជាធម្មតា។

ប៉ុន្ដែហេតុអ្វីបានជាត្រូវការដកប្លង់ ដែលជាទ្រព្យធានានោះ? ជារួមបើទោះជាដើរដល់ស្ថានភាព ត្រូវផ្អាកការបង់ប្រាក់ទាំងស្រុង រយៈពេល៣ខែសំរាប់អតិថិជនទាំងអស់ ក៏មិនមានហេតុផលណា ត្រូវដកទ្រព្យធានាមកវិញនោះដែរ ហើយបើដកប្លង់ទាំងអស់គ្នា នៅពេលស្ថានភាពត្រលប់ មកប្រសើរឡើង តើអតិថិជននឹងបន្តរបង់ប្រាក់ឡើងវិញទេ? ចំលើយគឺទេ ត្រង់នេះហើយដែលជាការច្រានឲ្យវិស័យនេះដួលរលំ។

លោកបានបញ្ជាក់ថា «ខ្ញុំគាំទ្រជំហររបស់តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការដោះស្រាយបញ្ហា ទៅតាមករណីជាក់ស្តែង របស់អតិថិជននីមួយៗ និងសុំឲ្យតំណាងអង្គការសង្គមស៊ីវិល ពិគ្រោះយោបល់ជាមួយ អ្នកជំនាញឲ្យបានច្បាស់លាស់ចៀសវាង បង្កបរិយាកាសមិនយល់គ្នារវាងអង្គការសង្គមស៊ីវិល និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ តោងយល់ថាគ្រឹះស្ថានទាំងអស់នោះ ជាគ្រឹះស្ថានឯកជនស្វែងរកប្រាក់ចំណេញ មិនមែនអាចឈជើងដោយសារប្រាក់ជំនួយនោះទេ ហើយបើគ្រឹះស្ថានទាំងនោះជួបវិបត្តិ វិស័យសេដ្ឋកិច្ចទាំងមូលក៏ជួបវិបត្តិដែរ»

សម្រាប់លោក អោម សេងបូរ៉ា អ្នកជំនាញផ្នែកសេដ្ឋកិច្ចផងដែរនេះ បានលើកឡើងតាមរយៈ Facebook របស់ខ្លួនថា «បងប្អូនដែលកំពុងជាប់បំណុលគេ នៅក្នុងសម័យកូវីដនេះ ចូរកុំខ្មាស់ និងកុំភ័យខ្លាចអី! កុំបាក់ទឹកចិត្ត, កុំគេចវេសអី ព្រោះអ្វីៗដែលកើតឡើង មិនមែនជាចេតនារបស់បងប្អូនឡើយ បងប្អូនដែលហ៊ានប្រឈមនឹងការពិត ហើយទទួលយកការពិត ពិតជាអាចដោះស្រាយបញ្ហាបាន»។

លោកបន្តថា «ចូរចាំថាអ្នកឱ្យលុយយើងខ្ចី គឺជាដៃគូយូរអង្វែងរបស់យើង ហើយក៏ជាអ្នកមានគុណរបស់យើងដែរ ព្រោះពួកគាត់បានជួយផ្តល់លុយឱ្យយើងខ្ចី នៅពេលដែលយើងត្រូវការ។ ដូច្នេះត្រូវតែមានឆន្ទៈ ទទួលខុសត្រូវលើបំណុលរបស់ ហើយចចារជាមួយម្ចាស់បំណុល ដោយរកវិធីសាស្រ្តរកលុយ ដើម្បីសងម្ចាស់បំណុលវិញបែបផ្សេង»

ជាមួយគ្នានេះ លោក អោម សេងបូរ៉ា បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងការរកវិធីសាស្រ្ដផ្សេងៗ ដើម្បីរកលុយសងម្ចាស់បំណុល៕