(ភ្នំពេញ)៖ បន្ទាប់ពីហែក្បួនរកអន្តរាគមន៍ពីក្រសួងពាក់ព័ន្ធ និងរដ្ឋសភា មិនបានលទ្ធផលល្អ នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ សហជីពនិងកម្មកររាប់រយនាក់ នៅរោងចក្រ Agile sweater ដែលស្ថិតនៅភូមិតាអោង សង្កាត់ច្បារមន ខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជួយអន្តរាគមន៍វិញម្តង។

ក្រុមកម្មកររោងចក្រ Agile sweater បានផ្ទុះកូដកម្មរយៈពេលជាច្រើនថ្ងៃមកហើយ ពោលតាំងពីថ្ងៃទី២៥ ខែធ្នូ ២០១៥មកម្ល៉េះ ដើម្បីទាមទារលក្ខខណ្ឌមួយចំនួន។ លក្ខខណ្ឌទាំងនោះមានដូចជា ៖ ទី១.សុំឲ្យដករដ្ឋបាលចេញ , ទី២.ឲ្យក្រុមហ៊ុនអនុញ្ញាតច្បាប់ជូនកម្មករ ពេលមានធុរៈចំាបាច់, ទី៣ ឲ្យក្រុមហ៊ុនផ្តល់ប្រាក់ធ្វើដំណើរបន្ថែម៣ដុល្លារទៀត, ទី៤ ឲ្យក្រុមហ៊ុនដកពាក្យបណ្តឹងដែលប្តឹងមកលើកម្មករនិងតំណាងកម្មករ, ទី៥ មិនត្រូវបញ្ឈប់កម្មករក្នុងកំឡុងពេលធ្វើកូដកម្មករឡើយ, ទី៦ ឲ្យក្រុមហ៊ុនប្តូរកិច្ចសន្យាពី៣ខែទៅ១ឆ្នាំវិញ , ទី៧សូមឲ្យក្រុមហ៊ុនដំឡើងតម្លៃឡូតាមកម្រិតនៃអាវដែលដេរ, ទី៨ ឲ្យក្រុមហ៊ុន បន្ថែមលុយបាយពេលល្ងាយចំនួន ២០០០រៀល ទៀតនិងទី៩ ក្រុមហ៊ុនត្រូវគិតប្រាក់ឈ្នួល ជូនកម្មករធ្វើការងារ នៅក្នុងថ្ងៃបុណ្យគុណនឹង២។

នាពេលកន្លងទៅ ក្រុមកម្មករធ្លាប់បានស្នើសុំអន្តរាគមន៍ពីមន្ទីការងារ អាជ្ញាធរដែនដី រួមទាំងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរួចទៅហើយ ប៉ុន្តែរហូតដល់ពេលនេះ ពួកគេអះអាងថា មិនទាន់ទទួលបានលទ្ធផលនៅឡើយទេ។

លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករ បានឱ្យដឹងថា ការធ្វើវិដេអូអំពាវនាវនេះ ដើម្បីឱ្យសម្តេចជួយអន្តរាគមន៍ទៅមន្រ្តីពាក់ព័ន្ធជំរុញរកដំណោះស្រាយជូនកម្មករឱ្យបានល្អប្រសើរ៕
ខាងក្រោមនេះជាវីដេអូអំពាវនាវរបស់ក្រុមកម្មករ៖