(ភ្នំពេញ)៖ នារសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២០ នាទីស្តីការក្រសួងយុត្តិធម៌ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យ របាយការណ៍ករណីរឿងរបស់លោក ថម (O’BRIEN GEORGE ALLEN) ជនជាតិអាមេរិកាំង នៅខេត្តកំពត ដែលក្រុមការងារអធិការកិច្ចរបស់ក្រសួងបាន និងកំពុង ពិនិត្យស្រាវជ្រាវករណីនេះ។

សូមជំរាបថា លោក ថម ជាអ្នកនេសាទនៅរដ្ឋអាឡាស្ការ សហរដ្ឋអាមេរិក និងជាមនុស្សកំព្រា ឪពុកម្តាយ គ្មានបងប្អូន ប្រពន្ធកូនឡើយ ដោយទឹកចិត្តស្រឡាញ់កម្ពុជា នឹងចង់មករស់នៅលើទឹកដីកម្ពុជា ក៏បានសម្រេចចិត្តលក់ទូកនេសាទ និងទ្រព្យមួយចំនួន បានប្រាក់ប្រមាណជាង៣០ម៉ឺនដុល្លារ ព្រមទាំងពឹងពាក់ប្អូនធម៌របស់លោកជាជនជាតិខ្មែរ ដើម្បីឈរឈ្មោះទិញដី នៅខេត្តកំពត ដើម្បីរស់នៅលើទឹកដីខ្មែរ។

ក្រោយពីបានទិញហើយ, ប្អូនធម៌ជនជាតិខ្មែររូបនោះបានឆរបោកយកដីនោះទាំងអស់។ លោក ថម បានសម្រេចដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីរកយុត្តិធម៌ ប៉ុន្តែតុលាការបានតម្កល់រឿងនេះមិនចាត់ការ៕