(សេអ៊ូល)៖ ​រដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ​ខ្លួនបាននឹងកំពុងពិភាក្សាក្នុងការដាក់ពង្រាយទ័ពបន្ថែមទៀត ដោយដាក់​ឲ្យមានការហោះហើរ យន្តហោះទម្លាក់គ្រាប់បែក ប្រភេទ ​B-52 របស់សហរដ្ឋអាម៉េរិក ​ដើម្បីឆ្លើយតបទៅនឹងការធ្វើតេស្តសាកល្បង គ្រាប់បែកអ៊ីដ្រូសែន របស់កូរ៉េខាងជើង នេះបើតាមព័ត៌មាន AFP ចេញផ្សាយនៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ។

រដ្ឋាភិបាលសេអ៊ូល ក៏បានប្រកាសឲ្យមាន ការរឹតបន្តឹងបន្ថែមទៀត លើចលនានៃប្រជាពលរដ្ឋរបស់ខ្លួន ក្នុងការទៅធ្វើការនៅក្នុងសួនឧស្សាហកម្ម Kaesong ជាសួនឧស្សហកម្មរួមគ្នា រវាងប្រទេសកូរ៉េទាំងពីរ ដែលមានចម្ងាយប្រមាណគីឡូម៉ែត្រប៉ុណ្ណោះ ពីព្រំដែនចូលទៅកាន់ទឹកដីកូរ៉េខាងជើង។ កូរ៉េខាងត្បូង បានឈរលើជំហមិនយោគយល់អធ្យាស្រ័យ នៅក្នុងការ​សាកល្បងបំផ្ទុះគ្រាប់បែកអ៊ីដ្រូសែន កាលពីថ្ងៃពុធរបស់កូរ៉េខាងជើង ហើយបានជំរុញឲ្យ សហគមន៍អន្តរជាតិ ដាក់នូវទណ្ឌកម្មឃោរឃៅ ចំពោះរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ ជាមួយនឹងការបង្ហាញភាពខ្លាំង នៅថ្ងៃអាទិត្យ យន្តហោះចម្បាំង ប្រភេទ B-52 អមដោយយន្តហោះ ប្រភេទ F-15 របស់កូរ៉េខាងត្បូង និងយន្តហោះប្រភេទ F-16 របស់សហរដ្ឋអាម៉េរិក បានហោះនៅលើដែនអាកាសនៃមូលដ្ឋានទ័ពអាកាស Osan Air Base មានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ភាគខាងត្បូង នៃព្រំដែនកូរ៉េទាំងពីរ៕