(ភ្នំពេញ)៖ ជំងឺឆ្លង កូវីដ១៩ គឺជាជំងឺដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី ត្រូវបានគេរកឃើញដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន និងត្រូវបានគេដាក់ឈ្មោះពេញថា ជំងឺវីរុសកូរ៉ូណា ឆ្នាំ២០១៩ (ហៅកាត់ COVID-19) ដែលបានមកពីពាក្យ៖ «CO» តំណាងឲ្យពាក្យ corona (កូរ៉ូណា), «VI» តំណាងឲ្យពាក្យ virus (វីរុស), «D» តំណាងឲ្យពាក្យ disease (ប្រែថាជំងឺ) និងលេខ១៩ តំណាងឲ្យឆ្នាំ២០១៩ ជាឆ្នាំដែលវីរុសនេះចាប់ផ្តើមផ្ទុះឡើងដំបូង។

វីរុសនេះត្រូវបានចម្លងតាមរយៈការប៉ះពាល់ផ្ទាល់ ទៅនឹងដំណក់ទឹកតូចៗ ដែលចេញពីប្រព័ន្ធផ្លូវដង្ហើម របស់អ្នកដែលបានឆ្លងវីរុស (តាមរយៈការក្អក និងកណ្តាស់) និងការប៉ះទៅលើផ្ទៃនានា ដែលមានវីរុស។

គិតមកត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ស្ថានភាពអ្នកជំងឺដែលបានឆ្លង មេរោគកូវីដ១៩ ទូទាំងប្រទេសកម្ពុជា មាន១២២នាក់ ត្រូវបានព្យាបាលឲ្យជាសះស្បើយ ចំនួន១១៩នាក់ និងនៅសល់អ្នកកំពុងព្យាបាល ចំនួនតែ០៣នាក់ប៉ុណ្ណោះ បើទោះបីជាយ៉ាងនេះក្ដី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដដែល។

ព្រមជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមិនទាន់អាចបន្ធូរដៃបាននៅឡើយទេ ថ្វីដ្បិតតែបងប្អូនប្រជាពលរដ្ឋ ហាក់ដូចជាចេញមកប្រកបរបរ តាមជីវភាព របស់ពួកគាត់ពិតមែន ប៉ុន្តែវិធានការការពារ និងវិធានការនានានៅតែមានសុពលភាព នៅតែដាក់ចេញឲ្យអនុវត្តជាធរមាននៅឡើយទេ ដោយសារស្ថានភាពរបស់យើងស្ថិតនៅក្នុងសភាពមួយ ដែលខ្ញុំតែងតែពន្យល់ហើយថា នៅផុយស្រួយណាស់ ទោះបីជាយើងមិនមានការរកឃើញនូវករណីវិជ្ជមានថ្មី វីរុសកូវីដ១៩ ហើយអ្នកជាសះស្បើយមានចំនួនច្រើនពិតមែន» «យើងអាចភ្លេចវីរុសកូវីដ១៩ ហើយវីរុសកូវីដ១៩ មិនអាចភ្លេចយើងទេ»

ដោយឡែក អាវុធហត្ថរាជធានីភ្នំពេញ ដែលមានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាមេបញ្ជាការ បានបដិបត្តិយ៉ាងហ្មត់ចត់ តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន, ក្រសួងសុខាភិបាល ក៏ដូចជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានម្ចាស់ការចូលរួមបង្កា ទប់ស្កាត់ និងប្រឆាំងមេរោគកូវីដ១៩នេះ តាមគ្រប់មធ្យោបាយ តាំងតែពីពេលចាប់ផ្តើមមានករណីឆ្លងដំបូងមក ដូចជា៖

*បានផ្សព្វផ្សាយ ការណែនាំរបស់ក្រសួងសុខាភិបាល ដល់កម្លាំងអាវុធហត្ថក្រោមឱវាទ និងចូលរួមផ្សព្វផ្សាយជូនដល់ ប្រជាជន មហាជន គ្រប់ភូមិសង្កាត់ ក្នុងខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ។

*ត្រៀមបម្រុងនូវសម្ភាររក្សាអនាម័យ និងស្បៀងគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ ក្នុងអង្គភាពរយៈពេលវែង និងបានបែងចែកដល់បណ្តាមូលដ្ឋាន អាវុធហត្ថខណ្ឌ ទាំង១៤ នៃរាជធានីភ្នំពេញ ព្រមទាំងប្រជាពលរដ្ឋដែលខ្វះខាតតាមបណ្តាមូលដ្ឋាន ភូមិសង្កាត់ ក្នុងខណ្ឌដង្កោ។

*អនុវត្តនូវវិធានការអនាម័យត្រឹមត្រូវតាមក្បួនខ្នាត និងបំពេញការងារប្រកបដោយការប្រុងប្រយ័ត្ន គ្រប់ពេលវេលា គ្រប់ទីកន្លែង

*ច្នៃប្រឌិត និងផលិតខ្លួនឯង នូវទូរបាញ់ថ្នាំសម្លាប់មេរោគ សម្រាប់មនុស្សឆ្លងកាត់ចេញចូលទីបញ្ជាការ និងបែងចែកដាក់ឲ្យប្រើនៅតាមបណ្តាលមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ដូចគ្នា

*ច្នៃប្រឌិតនិងផលិតខ្លួនឯង នូវរបាំងមុខ សម្រាប់ប្រើប្រាស់ពេលចេញប្រតិបត្តិការ ជៀសវាងបាននូវ ការក្អកឬកណ្តាស់ត្រូវមុខគ្នាទៅវិញទៅមក។

លើសពីនេះទៅទៀត អាវុធហត្ថរាជធានីភ្នំពេញ ចំនួន២៤៥នាក់ បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន សរុបមានចំនួន ១៥៨,៦៥២,២០០រៀល ជូនដល់គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណៈកម្មាធិការ។

ការចូលរួមបរិច្ចាគ របស់សមាជិកអាវុធហត្ថរាជធានីភ្នំពេញ នាឱកាសនេះ គឺនាំមុខដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ដែលបានបរិច្ចាគបៀវត្សផ្ទាល់ខ្លួនទាំងអស់ រយៈពេល៧ខែ ស្មើនឹង២០,០៥៥,០០០រៀល និងអ្នកចូលរួមជាបន្តបន្ទាប់មានលោកឧត្តមសេនីយ៍ មេបញ្ជាការរង, នាយរងសេនាធិការដ្ឋាន, នាយការិយាល័យ, មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ, និងនាយទាហាន នាយទាហានរង ពលទាហាន តាមបណ្តា ការិយាល័យ, មូលដ្ឋានអាវុធហត្ថខណ្ឌ និងកងឯកភាពចំណុះជាច្រើនរយនាក់៕