(សៀមរាប)៖ លោកឧត្តមសេនីយឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ បានចាត់ឲ្យក្រុមសង្គ្រោះ៧១១ របស់កងពលតូចលេខ៧០ បន្ដចុះបាញ់ថ្នាំសម្លាប់មេរោគ តាមផែនការ លើកទី២ នៅតាមបណ្តាសាលាកងទ័ព ដើម្បីការពារជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា។

យុទ្ធនាការបាញ់ថ្នាំមេរោគនេះ ត្រូវបានធ្វើឡើងនៅ សាលាពលទាហានទី៤ និងសាលាហ្វឹកហ្វឺនកងពលធំអន្តរាគមន៍លេខ២ ខេត្តសៀមរាប។

គួរជម្រាបថា ប៉ុន្មានថ្ងៃមកនេះ ក្រុមសង្គ្រោះ ៧១១ របស់្ងពលតូចលេខ៧០ ក្រោយទទួលបានការណែនាំពី លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបើកយុទ្ធនាការជាបន្ដបន្ទាប់ នូវការបាញ់ថ្នាំសម្លាប់មេរោគនៅតាមអង្គភាព និងសាលាហ្វឹកហ្វឺននាយទាហាន ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺ COVID-19។

គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ អ្នកជំងឹកូវីដចំនួន២នាក់ទៀត បានជាសះស្បើយ សរុបអ្នកជាសះស្បើយកើនដល់១១៩នាក់ នៅសល់តែ៣នាក់ទៀតប៉ុណ្ណោះ មិនមានករណីឆ្លងថ្មីទេ៕