(ភ្នំពេញ)៖ ក្នុងឱកាសខួបលើកទី១ នៃការបង្កើតផែនការសកម្មភាពរយៈពេល ៥ឆ្នាំ នៃ «សហគមន៍វាសនារួម» រវាងកម្ពុជា-ចិន នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ បានថ្លែងថា ការប្រយុទ្ធប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងជោគជ័យលើជំងឺ Covid-19 របស់ចិន ជាគំរូ មួយសម្រាប់ប្រទេសនានាក្នុងលោក។

លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «ក្រោយពីបាន ជោគជ័យបំបាត់ Covid-19 នៅវូហាន ប្រទេសចិនបានផ្តល់ជំនួយជាគ្រូពេទ្យ សម្ភារៈពេទ្យ និងឧបករណ៍ ពេទ្យយ៉ាងច្រើនដល់ប្រទេសដែលត្រូវ Covid-19 រាតត្បាត ជាពិសេសនៅអឺរ៉ុប និងអាម៉េរិក។ នេះបង្ហាញ ឱ្យឃើញថា ប្រទេសចិនតែងតែមាននយោបាយសាមគ្គីភាពអន្តរជាតិ ក្នុងលោកដែល មានវិបត្តិសាកល»

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ គឺជាខួបលើកទី១ នៃការបង្កើតផែនការសកម្មភាពរយៈពេល ៥ឆ្នាំ នៃ «សហគមន៍វាសនារួម» រវាងប្រទេសចិន និងកម្ពុជា ដែលបានចុះហត្ថលេខា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់ សម្ដេចនាយករដ្ឋមន្ត្រី នៅទីក្រុងប៉េកាំង ដែល លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាហត្ថលេខាជាមួយ លោក វ៉ាង យី (Wang Y) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានបញ្ជាក់ថា កម្ពុជាជាប្រទេសទី១ ដែលបានចុះហត្ថលេខាផែនការ៥ឆ្នាំ ដើម្បីកសាងសហគមន៍វាសនាមកម្ពុជា-ចិន។ ផែនការនេះជាត្រីវិស័យសម្រាប់ការរួមរស់ជាសហគមន៍ រវាងកម្ពុជា និងចិន។ តាមរយៈផែនការសកម្មភាព ស្ដីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិននេះ ប្រទេសយើងទាំង២ បានឯកភាពសម្រេចការចែករំលែកការរីកចម្រើនរួម ដើម្បីពិភាក្សា និងសហការរួមគ្នា ដើម្បីសហប្រតិ បត្តិការជាក់ស្តែងគ្រប់ជ្រុងជ្រោយនៃ «ខ្សែក្រវាត់ និងផ្លូវ»

លោកបានបន្តថា៖ ភាគីកម្ពុជាគាំទ្រយ៉ាងសកម្ម និងចូលរួមគ្រប់ជ្រុងជ្រោយក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់ និងផ្លូវ» ព្រមទាំងត្រៀមជំរុញគម្រោងការអនុវត្ត «ខ្សែក្រវាត់ និងផ្លូវ» នៅកម្ពុជា។ ផែនការសកម្មភាពនេះ មានទិសដៅសម្របសម្រួលវិស័យសំខាន់ៗទាំងឡាយដូចជា នយោបាយ ការអនុវត្តច្បាប់ ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ព្រមទាំងការផ្លាស់ប្តូរប្រជាជន ដើម្បីសម្រេចនូវការអភិវឌ្ឍដោយចិរភាពកម្រិតខ្ពស់រវាងប្រទេសទាំងពីរ។ ផែនការសកម្មភាព ស្ដីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិននេះ មានន័យថា ប្រជាជនកម្ពុជា និងប្រជាជនចិន និងរួមសុខរួមទុក្ខជាមួយគ្នាក្នុងសហគមន៍នេះ

លោកបានបន្តទៀតថា គឺក្នុងន័យនេះហើយ ដែលសម្ដេចអគ្គមហាសេនាបតីតេជោ បានសម្រេចអញ្ជើញទៅទស្សនកិច្ច នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ក្នុងពេលដែល Cavid-19 កំពុងរាល ដាលយ៉ាងខ្លាំងនៅ ប្រទេសចិន ដែលប្រទេសនានាមិនហ៊ានទំនាក់ទំនងជាមួយ ប្រទេសចិន។ គឺក្នុងន័យនេះដែរ ដែលប្រទេសចិនបានបញ្ជូនមកកម្ពុជានូវគ្រូពេទ្យជំនាញ សម្ភារៈ និងឧបករណ៍ពេទ្យ យ៉ាងច្រើនរាប់សិបតោនជួយកម្ពុជាទប់ទល់ Covid-15 នៅកម្ពុជា។

លោកបញ្ជាក់ទៀតថា៖ គឺក្នុងន័យនេះដែរ ដែលផែនការសកម្មភាពស្ដីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន បានរៀបរាប់ យ៉ាងលម្អិតអំពី កិច្ចសហប្រតិបត្តិការផ្ទាល់នៃស្ថាប័នសំខាន់ៗជាច្រើនឃស់កម្ពុជានិងចិន ដោយកំណត់ទិសដៅ ជាក់ស្ដែងស្ថាប័ននីមួយៗព្រមទាំងវិធីអនុវត្តន៍ ដើម្បីសម្រេចសហគមន៍វាសនា រួមនៃប្រជាជនយើងទាំងពីរ។ «ខ្ញុំជឿជាក់ថា តាមរយៈការកសាងសហគមន៍រួមកម្ពុជា-ចិននេះ ប្រជាជនយើងទាំងពីរកាន់តែស្គាល់គ្នា រាប់អានគ្នា ជួយគ្នាទៅវិញទៅមក ដើម្បីឱ្យសហគមន៍នេះឱ្យមានការរីកចម្រើនជាក់ស្តែងយ៉ាងខ្លាំងលើ គ្រប់វិស័យនៅកម្ពុជា»