(កំពង់ធំ)៖ ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ សហការជាមួយក្រុមហ៊ុន CP ចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូករបស់ លោក ងី គឹមពៅ ស្ថិតនៅភូមិអូរគគី ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។

កសិដ្ឋានចិញ្ចឹមជ្រូករបស់ លោក ងី គឹមពៅ មានចំនួន៦រោង ដែលមានជ្រូកសាច់ចំនួន ៤៥០០ក្បាល។

ក្នុងការចុះត្រួតពិនិត្យ លោក ចែ យ៉ាណូ តំណាងក្រុមហ៊ុន CP ប្រចាំខេត្តកំពង់ធំ បានលើកឡើងថា ការផលិតក្នុងមួយវគ្គ មានប្រមាណ ៤៥០០ក្បាល ហើយក្នុងមួយវគ្គមាន ២៥សប្តាហ៍ គិតជាថ្ងៃរយៈពេល១៧៥ថ្ងៃ ទម្ងន់ជាមធ្យមមួយក្បាល ១០០គីឡូក្រាម។ លោកបន្តទៀតថា ចំណែកសត្វមាន់មានរយៈពេល ៣៦ថ្ងៃ ទម្ងន់គិតជាមធ្យម ២,២០គីឡូក្រាមទៅ ២,៣០គីឡូក្រាម។

លោកថ្លែងថា ការផ្ដល់ចំណីដល់សត្វ មានលក្ខណៈស្តង់ដារអន្តរជាតិ មិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកហូបចុកនោះទេ ហើយសត្វដែលបានយកមកចិញ្ចឹម ត្រូវបានចាក់វ៉ាក់សាំងការពារយ៉ាងត្រឹមត្រូវ ចៀសវាងការឆ្លងជំងឺផ្សេងៗទៀតផង។ ជាមួយគ្នានោះដែរ លោកក៏បានសំណូមពរទៅដល់ប្រមុខរាជរដ្ឋាភិបាល សូមមេត្តាជួយសម្រួលបញ្ចុះភ្លើង ដើម្បីឲ្យប្រជាកសិករមានការផលិតឲ្យមានតម្លៃទាប បើធៀបទៅនឹងប្រទេសជិតខាង។

លោក ប៉ែន វណ្ណរិទ្ធ បានកោតសរសើរកសិដ្ឋានរបស់ លោក ងី គឹមពៅ ដែលបានគិតគូពីសុខមាលភាពប្រជាពលរដ្ឋ និងជំរុញការចិញ្ចឹមជ្រូក មាន់បន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូលពីក្រៅប្រទេស តាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ជាមួយគ្នានេះផងដែរ លោកនឹងខិតខំបង្កលក្ខណៈងាយស្រួល ទៅលើផ្នែកច្បាប់និងបង្កើនការផលិតដើម្បីកាត់បន្ថយការនាំចូលសត្វពីប្រភពខាងក្រៅ និងបង្កើនការងារដល់ប្រជាពលរដ្ឋ ដែលនៅក្នុងប្រទេសរបស់យើង៕