(កំពង់ស្ពឺ)៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ បានចាប់ខ្លួនបុរសម្នាក់តាមដីការបស់តុលាការ ដោយសារធ្វើការបោកប្រាស់លើវិនិយោគិនជនជាតិចិន និងប្រជាពលរដ្ឋជាច្រើនគ្រួសារ ពាក់ព័ន្ធនឹងបញ្ហាដីធ្លី។

ព្រះរាជអាជ្ញារងខេត្តកំពង់ស្ពឺ លោក វ៉ិត មឃៈ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ បានចេញដីកាបង្គាប់ឲ្យចូលខ្លួន លោក កែវ មុនីរតន៍ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ កាន់លិខិតឆ្លងដែនលេខ N00222949 ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៧ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជានីតិជន ឲ្យចូលបង្ហាញខ្លួននៅចំពោះមុខ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ឲ្យបានមុនថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ «ឆបោកមានស្ថានទម្ងន់ទោស»។ ដីកានេះអនុញ្ញាតឲ្យមន្ត្រីនគរបាលយុត្តិធម៌ ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំបុគ្គលនោះឲ្យចូលបង្ហាញខ្លួន។

យោងតាមដីកាបង្គាប់ឲ្យចូលខ្លួន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ឲ្យដឹងថា ការចេញដីកានេះ បានធ្វើឡើង បន្ទាប់ពីតំណាងអយ្យការចេញដីការកោះហៅលើឈ្មោះ កែវ មុនីរតន៍ ដើម្បីឲ្យចូលខ្លួនទៅបំភ្លឺពាក់ព័ន្ធនឹងពាក្យបណ្តឹងរបស់ឈ្មោះ ហ្វូក ម៉ីឈី (FU MINQI) ប្តឹងពីបទឆបោកមានស្ថានទម្ងន់ទោស តែឈ្មោះ កែវ មុនីរតន៍ មិនបានឆ្លើយទៅបំភ្លឺតាមការកំណត់ក្នុងដីកាកោះ របស់តំណាងអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺនោះទេ។

យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះផងដែរ កម្លាំងនគរបាលបានឈានទៅដល់ការឃាត់ខ្លួន លោក កែវ មុនីរតន៍ និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីទុកចាត់ការបន្តតាមនីតិវិធី។

សូមបញ្ជាក់ថា ក្រៅពីការបោកប្រាស់លើវិនិយោគិនចិន លោក កែវ មុនីរតន៍ ក៏ត្រូវបានប្រជាពលរដ្ឋជាច្រើនគ្រួសារនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នូល ខេត្តកណ្តាល ប្តឹងក្រុមហ៊ុន កែវ មុនីរតន៍ និងអំពាវនាវសមត្ថកិច្ចឲ្យចាត់ការតាមច្បាប់ ក្រោយបុគ្គលរូបនេះបានបោកពួកគាត់ពាក់ព័ន្ធនឹងបញ្ហាដីធ្លី៕