(ភ្នំពេញ-កំពត)៖ ខ្មាន់កាំភ្លើងដែលបាញ់ប្រហារបុរសម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ត្រូវកម្លាំងនគរបាលតាមឃាត់ខ្លួនបានហើយនៅស្រុកជុំគិរី ខេត្តកំពត ដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពត។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្ដិចថា ខ្មាន់កាំភ្លើងរូបនេះ ត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ ពេលរូបគេកំពុងរត់គេចខ្លួន នៅតាមបណ្ដោយផ្លូវជាតិលេខ៤១ ស្ថិតក្នុងស្រុកជុំគិរី ខេត្តកំពត។

លោកឧត្តមសេនីយ៍ស្នងការ បានអះអាងថា ក្រោយទទួលបានព័ត៌មានអំពីហេតុការណ៍នេះ លោកបានបញ្ជាកម្លាំងរបស់អធិការក្រុង ស្រុកទាំង៨ របស់ខេត្តកំពត បើកស្រាវជ្រាវភ្លាមៗ ដោយសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ រហូតតាមចាប់ខ្លួនបាននៅថ្ងៃនេះតែម្ដង។ បើតាមលោកស្នងការ បច្ចុប្បន្នជនដៃដល់ កម្លាំងនគរបាលរបស់លោក កំពុងរៀបចំឯកសារដើម្បីប្រគល់ជូនកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ដ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក៏បានឲ្យដឹងដែរថា ខ្មាន់កាំភ្លើងដែលកម្លាំងនគរបាលតាមចាប់ខ្លួនបាន ឈ្មោះ កែ រ័ត្នវិជ្ជា ជាអ្នកធ្វើសកម្មភាពផ្ទាល់ ក្នុងចំណោមបក្ខពួកចំនួន៣នាក់។

យ៉ាងណាមិញ ប្រភពព័ត៌មានផ្សេងទៀត បានបង្ហើបថា ខ្មា ន់កាំភ្លើងខាងលើនេះ គឺជាមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។

សូមជម្រាបថា បុរសម្នាក់ត្រូវជនសង្ស័យមួយក្រុម បានដកកាំភ្លើងបាញ់ចំនួនពីរគ្រាប់ បណ្ដាលឲ្យរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង៣យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិត នៅតាមបណ្ដោយផ្លូវលេខ៥១ មុខសូរិយាម៉ល ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះ ដើរចេញពីផ្ទះមួយកន្លែង មុខសូរិយាម៉ល ជាមួយជនសង្ស័យមានគ្នាបីនាក់ ហើយមួយសន្ទុះក្រោយមកមិនដឹងថា មានរឿងអ្វីជាមួយគ្នានោះទេ ស្រាប់តែពួកគេបានវាយគ្នាទៅវិញទៅមកជាមួយ រហូតឈានដល់ការដកកាំភ្លើងបាញ់សំដៅជនរងគ្រោះចំនួនពីរគ្រាប់ផ្ទួនៗ បណ្ដាលឲ្យជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ បន្ទាន់ដឹកភ្លាមៗនៅឯមន្ទីរពេទ្យផងដែរ៕