(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានថ្លែងថា រហូតដល់ពេលនេះ មានរោងចក្រជាង១៣០ បានដាក់ពាក្យព្យួរដោយសារវិបត្តិកូវីដ១៩ ធ្វើឲ្យទីផ្សារនាំចេញផលិតផលធ្លាក់ចុះ ហើយការព្យួរនេះ បានធ្វើឲ្យប៉ះពាល់ដល់កម្មករនិយោជិត ជាង៩ម៉ឺននាក់។

ក្នុងឱកាសដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទសារព័ត៌មានស្ដីពី «បច្ចុប្បន្នភាព នៃការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រ បន្ទាប់ពីឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយត្រឡប់ចូលបម្រើការងារវិញ» នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ លោក ហេង សួរ បានឲ្យដឹងថា រាជរដ្ឋាភិបាល កំពុងរកដំណោះស្រាយសម្រាប់ដោះស្រាយបញ្ហាប៉ះពាល់ ដែលបណ្តាលមកពីការព្យួររោងចក្រទាំងនេះ។

អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គិតមកដល់ពេលនេះមានរោងចក្រជាង១៣០ បានដាក់ពាក្យព្យួរ ហើយដែលមានកម្មករនិយោជិត ជិត១០ម៉ឺននាក់ ដែលរងផលប៉ះពាល់ពាក់ព័ន្ធនឹងការព្យួរនេះ។ ហើយរាជរដ្ឋាភិបាល បានចេញវិធានការជាបន្តបន្ទាប ដើម្បីធ្វើយ៉ាងណារក្សានូវការងារ រក្សានូវចំណូលខ្លះ សម្រាប់ជូនបងប្អូន នៅក្នុងរោងចក្រដែលត្រូវបានព្យួរនោះ»

លោក ហេង សួរ បានឲ្យដឹងផងដែរថា ធាតុពិតនៃរោងចក្រដែលបានដាក់ពាក្យព្យួរនេះ តាមស្ថានភាពជាក់ស្តែង ពួកគេចង់បិទច្រើនជាងព្យួរ ក៏ប៉ុន្តែតាមរយៈការពិភាក្សាគ្នា ដើម្បីរកនូវផលចំណេញ ទោះបីជាត្រូវខាត តែកុំឲ្យខាតទាំងស្រុង ធ្វើយ៉ាងម៉េចឲ្យមានផលចំណេញខ្លះ លើដៃកម្មករនិយោជិត គឺរាជរដ្ឋាភិបាលលើកទឹកចិត្តឲ្យរោងចក្រទាំងអស់នោះ មកត្រឹមជាការព្យួរវិញ។ លោកថ្លែងថា ការព្យួរនេះ មានន័យថា កម្មករនិយោជិតមិនទាន់បាត់បង់ការងារទេ និងមិនក្លាយទៅជាការឈប់ឥតការងារធ្វើឡើយ លើកលែងតែរោងចក្របិទ ទើបមានន័យថា ពួកគាត់នឹងបាត់បង់ការងាររហូត។

លោក ហេង សួរ បានពន្យល់ថា ការព្យួរមានន័យថា កម្មករនិយោជិតគ្រាន់តែមិនមកធ្វើការងារ នៅក្នុងរយៈពេលព្យួរ ហើយនៅក្នុងរយៈពេលព្យួរនេះដែរ ពួកគាត់ទទួលបាននូវអត្ថប្រយោជន៍ខ្លះពីរោងចក្រ ហើយរដ្ឋាភិបាលក៏បានផ្តល់នូវប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារអាមេរិក ពីលទ្ធភាពដែលរោងចក្រគាត់អាចផ្តល់ជូន។

លោកអះអាងថា «ជាការពិត បើសិនរោងចក្របិទតែម្តង កម្មករនិយោជិតយើងទទួលបានប្រាក់ខែសូន្យក្នុងមួយខែ ប៉ុន្តែការដែលយើងចរចារ ដើម្បីធ្វើយ៉ាងណាសម្រួលដើម្បីឲ្យរោងចក្រនីមួយៗបន្ត ឬក៏រក្សានូវក្តីសង្ឃឹមមួយថា តម្រូវការនូវទីផ្សារនាំចេញរបស់យើងនេះ នឹងរស់ឡើងវិញ នៅក្រោយពេលដែលកូវីដ១៩ ត្រូវបានថមថយ។ អញ្ចឹងកម្មករនិយោជិត ជិត ១០ម៉ឺននាក់នេះ បើសិនតាមចិត្តវិស័យឯកជនផ្ទាល់តែម្តង គាត់ប្រហែលជាត្រូវបិទ ប៉ុន្តែការសម្របសម្រួលការលើកលែងពន្ធ ការសម្រួលលើកលែងបង់វិភាគទាន ប.ស.ស ហើយនឹងសម្រួលនូវផ្នែកផ្សេងៗទៀត គឺថាគាត់សុខចិត្តព្យួរ ហើយក៏សុខចិត្តចេញចំណែកខ្លះ»

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ផ្នែកឧស្សាហកម្មតម្បាញ កាត់ដេរ ចាក់ កាបូប និងស្បែកជើង មានរោងចក្រសរុប ១០៩៩រោងចក្រ។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍៕