(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារបច្ចេកទេស សម្រាប់ធ្វើសុខដុមនីយកម្ម ប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យ គាំពារសង្គម។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ។

បើតាមសេចក្ដីសម្រេច បានឲ្យដឹងថា ក្រុមការងារបច្ចេកទេសសម្រាប់ធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គមមាន តួនាទី និងភារកិច្ច ដូចខាងក្រោម៖

* សិក្សាលើទិដ្ឋភាពទូទៅ និងបញ្ហាប្រឈមនានា នៃប្រព័ន្ធចុះបញ្ជី និងប្រព័ន្ធព័ត៌មានវិទ្យាពាក់ព័ន្ធនឹងការងារ គាំពារសង្គមដែលបាន និងកំពុងដំណើរការ

* រៀបចំយុទ្ធសាស្ត្រ និងផែនការសកម្មភាពលើលទ្ធភាពនៃការតភ្ជាប់ ឬធ្វើសមាហរណកម្មប្រព័ន្ធចុះបញ្ជី ឬប្រព័ន្ធព័ត៌មានវិទ្យាពាក់ព័ន្ធ នឹងប្រព័ន្ធគាំពារសង្គម ដែលមានស្រាប់ក្នុងកម្រិតមិនប៉ះពាល់ដល់ព័ត៌មាន ឯកជនភាពបុគ្គល់

* ផ្តល់យោបល់ជូនគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងសម្របសម្រួលជាមួយស្ថាប័ន ពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ និងស្ថាប័នឯកជន លើការងារពាក់ព័ន្ធនឹងការរៀបចំ ដំឡើង កែសម្រួល ប្រព័ន្ធចុះបញ្ជី និងប្រព័ន្ធព័ត៌មានវិទ្យា ដែលពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ដើម្បីឲ្យអាចធ្វើអន្តរប្រតិបត្តិការ ជាមួយគ្នាបាន

* រាយការណ៍ជាប្រចាំជូនគណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាជាតិគាំពារសង្គមស្ដីពីវឌ្ឍនភាពនៃការអភិវឌ្ឍ ប្រព័ន្ធចុះបញ្ជី និងប្រព័ន្ធព័ត៌មានវិទ្យាដែលពាក់ព័ន្ធនឹងការងារគាំពារសង្គម

* បំពេញការងារផ្សេងទៀតដែលកំណត់ដោយក្រុមប្រឹក្សាជាតិគាំពារសង្គម៕

ខាងក្រោមនេះ ជាសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល ដែលមានខ្លឹមសារទាំងស្រុង៖