(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ បានទទួលយកអំណោយសម្ភារមួយចំនួន ដើម្បីការពារការការចម្លងមេរោគកូវីឌ១៩ ពីក្រុមហ៊ុន NagaCorp Ltd.,។

ពិធីប្រគល់ និងទទួលក្រោមវត្តមាន លោក សេង ឡូត អគ្គនាយករដ្ឋបាល នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងឱ្យ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងលោក Tan Sri Dr. Chen Lip Keong ប្រធានក្រុមហ៊ុន NagaCorp Ltd.,

អំណោយសម្ភារការពារការការចម្លងមេរោគកូវីឌ១៩ ដែលបានឧបត្ថម្ភដោយក្រុមហ៊ុន NagaCorp Ltd., នាពេលនេះរួមមាន មាស់ចំនួន១០០០០ម៉ាស់ ទឹកលាងដៃ១០០០ដប និងអាល់កុលលាងដៃ ១៨០លីត។

លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតថ្លែងអំណរគុណដល់ ក្រុមហ៊ុន NagaCorp Ltd., ដែលរួមចំណែក អនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការការពារ និងប្រយុទ្ធនឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ មានរយៈពេលជាង២០ថ្ងៃមកហើយ ដែលកម្ពុជាមិនមានករណីឆ្លងថ្មីឡើយ ខណៈដែលអ្នកជាសះស្បើយបានកើនដល់ ១១៩នាក់ ក្នុងចំណោមអ្នកជំងឺកូវីដ១៩ សរុបចំនួន១២២នាក់។ ដោយឡែក អ្នកជំងឺកូវីដ១៩ ដែលកំពង់សម្រាកព្យាបាលនៅកម្ពុជា មានចំនួនត្រឹមតែ៣នាក់ប៉ុណ្ណោះ។

ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល រួមទាំងអង្គការសុខភាពពិភពលោក នៅតែអំពាវនាវដល់ ប្រជាពលរដ្ឋ និងគ្រប់ភាគីទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយសារតែកម្ពុជា ស្ថិតនៅក្នុងដំណាក់កាលផុយស្រួលនៅឡើយ ខណៈដែលប្រទេសផ្សេងៗ នៅតែមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាបន្តបន្ទាប់៕