(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផែនការសកម្មភាព គ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ គឺជាការងារមួយដ៏ធំ និងសំខាន់បំផុត ដែលត្រូវតែយកចិត្តទុកដាក់ អនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីរក្សាបាននូវសោភ័ណភាព សុខុមាលភាព និងកំណើនសេដ្ឋកិច្ចជាតិ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះនៅទីស្ដីការក្រសួង ក្នុងឱកាសដែលលោកបានអញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោងនានា របស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យលើគម្រោងនានា ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន និងនាពេលអនាគត និងរៀបចំរចនាសម្ព័ន្ធមន្ត្រីគ្រប់គ្រង និងមន្ត្រីអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព ដើម្បីធានាឱ្យការអនុវត្តគម្រោងនានា ទាក់ទងនឹងការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជា ប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

លោកទេសរដ្ឋមន្ត្រីបានបន្តថា បច្ចុប្បន្នក្រសួងមានគម្រោងជាច្រើន ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ដែលត្រូវពន្លឿនក្នុងការអនុវត្តឱ្យស្របតាម ផែនការសកម្មភាពរបស់ក្រសួង និងផែនការអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យបាននូវសោភ័ណភាពទីក្រុង (ទីក្រុងបៃតង) និងភាពទាក់ទាញ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា ផែនការមេគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ នៅខេត្តព្រះសីហនុ ត្រូវបានរៀបចំរួចហើយស្ថានីយបូមទឹកកខ្វក់ទាំងបីស្ថានីយ ដែលបានសិក្សារួច រួមទាំងការស្ដារអូរប្រឡាយនានា ត្រូវពន្លឿនការសាងសង់ និងស្ដារឱ្យបានលឿនបំផុត ដើម្បីរក្សាបាននូវកំណើនទេសចរ ថែមទៀតចូលទៅទស្សនា នៅខេត្តជាប់សមុទ្រមួយនេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋាន ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាក្នុងការអភិវឌ្ឍវិស័យនេះ ឲ្យមានការរីកចម្រើនថែមមួយកម្រិតទៀត។

លោកក៏បានផ្ដាំផ្ញើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានថ្មីនេះ ជួបពិភាក្សាឱ្យបានញឹកញាប់ថែមទៀត ដើម្បីសិក្សាស្រាវជ្រាវពីបច្ចេកទេសថ្មីៗ បទដ្ឋានគតិយុត្តពាក់ព័ន្ធរៀបចំក្រុមការងារគ្រប់គ្រង ក្រុមការងារអនុវត្តផ្ទាល់ និងសហការគ្នា អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីរក្សាបាននូវសោភ័ណភាព សុខុមាលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕