(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រកាសនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះឲ្យដឹងថា អ្នកជំងឹកូវីដចំនួន២នាក់ទៀត បានជាសះស្បើយ សរុបអ្នកជាសះស្បើយកើនដល់១១៩នាក់ នៅសល់តែ៣នាក់ទៀតប៉ុណ្ណោះ មិនមានករណីឆ្លងថ្មីទេ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកជាសះស្បើយចំនួន២នាក់ រួមមានជនជាតិបារាំងម្នាក់ អាយុ៣៥ឆ្នាំ និងស្រ្តីជនជាតិបារាំង ជាភរិយា អាយុ២៨ឆ្នាំ ដែលជាឪពុកម្តាយរបស់ទារកអាយុ០៤ខែ ដែលបានធ្វើដំណើរមកពីប្រទេសបារាំង ឆ្លងកាត់តាមប្រទេសសាំងហ្គាពួរ និងស្នាក់នៅបណ្តោះអាសន្ន នៅម្តុំទួលទំពូង រាជធានីភ្នំពេញ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវិដ១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យកុមារជាតិទាំងអស់គ្នា។

ចំណែកអ្នកកំពុងសម្រាកព្យាបាលសរុបបានថយចុះមកត្រឹម៣នាក់ ក្នុងនោះស្រ្តីម្នាក់ បុរស២នាក់ នៅតាមមន្ទីរពេទ្យរដ្ឋថ្នាក់ជាតិ និងថ្នាក់ខេត្ត។