(កំពង់ឆ្នាំង)៖ យ៉ាងហោចណាស់មានត្រាក់ទ័រ ២គ្រឿង និងមនុស្ស ២នាក់ ត្រូវបានកម្លាំងចម្រុះចុះចាប់ទុក ខណៈដែលកំពុងធ្វើសកម្ម ភាពឈូសឆាយបំផ្លាញដីព្រៃលិចទឹករបស់រដ្ឋ នៅចំណុចកុមារជះ ស្ថិតក្នុងភូមិពោធិ៍ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង អស់ជាច្រើនហិកតា។ ប្រតិបត្តិការ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ។

លោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជារការរង នៃបញ្ជារការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងថា នៅវេលាម៉ោង១១ និង៤៨នាទីព្រឹក ថ្ងៃទី២៦ ខែមេសានេះ កម្លាំងចម្រុះដែលមានកងរាជអាវុធហត្ថ ស្រុកកំពង់លែង កងកម្លាំងសឹករងស្រុក កម្លាំងនគរបាលស្រុក រួមនឹងមន្ត្រីជំនាញជលផលផងដែរ សរុបប្រមាណ ១២នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ន បូរិន្ទ មេបញ្ជាររការ កងរាជអាវុធហត្ថ ស្រុកកំពង់លែង បានចុះចាប់ត្រាក់ទ័រចំនួនពីរគ្រឿងដែលកំពុងតែធ្វើសកម្មភាពឈូសឆាយបំផ្លិចបំផ្លាញដីព្រៃលិចទឹករបស់រដ្ឋ ស្ថិតនៅចំណុចខាងលើ។

លោកបន្តថា កម្លាំងសមត្ថកិច្ចចម្រុះ ក៏បានឃាត់ខ្លួនមនុស្សពីរនាក់ផងដែរ រួមមាន៖ ឈ្មោះ វ៉ាន ហ៊ីង ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិក្រឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងឈ្មោះឈុំ សៀប ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅក្នុងភូមិអារ៉ែន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ហើយទាំង២នាក់គឺជាអ្នកបើកបរត្រាក់ទ័រគ្រឿងចក្រ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ក៏បានឲ្យដឹងនៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះដែរថា ត្រាក់ទ័រទាំងពីរគ្រឿងខាងលើនេះ បានធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋ ដែលជាតំបន់ហាមឃាត់ពិតប្រាកដមែន ហើយការចាប់ឃាត់គ្រឿងចក្រ និងមនុស្សខាងនេះក៏ជាសកម្មភាពបទល្មើសជាក់ស្ដែង ដែលពួកគេកំពុងតែឈូសបំផ្លិចបំផ្លាញដីព្រៃលិចទឹកដែលជាតំបន់ហាមឃាត់ផងដែរ។ ចំពោះករណីនេះ លោកកំពុងតែកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការ ចាត់ការទៅតាមផ្លូវច្បាប់៕