(រតនគិរី)៖ កម្លាំងនគរបាលស្រុកអូរយ៉ាដាវ សហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តរតនគិរី នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ បានចុះឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន៣នាក់ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ប្រតិបត្តិការខាងលើនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងការសម្របសម្រួលដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។

លោកឧត្តមសេនីយ៍ត្រី វ៉ាន់ សង្វាតបានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរីថា មុនឈានដល់ការបង្ក្រាបករណីជួញដូរគ្រឿងញៀនខាងលើ កម្លាំងរបស់លោកបានធ្វើការតាមដានជាច្រើនខែមកហើយ។ លោកបានឲ្យដឹងថា ជនសង្ស័យប្រុស-ស្រីទាំង៣នាក់ រួមមាន៖ ឈ្មោះ ម៉េង ហេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ ពូយ បោះ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិចារ៉ាយ និង ឈ្មោះ ហ៊ឹម ម្លិះ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ។

អ្នកទាំង៣នាក់នេះមានទីលំនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចថែមទាំងបានហូតគ្រឿងញៀន១ថង់ធំល្មម (១៩ថង់តូច), និងម៉ូតូ២គ្រឿង ម៉ាក NEX ពាក់ស្លាកលេខរតនគិរី ១E-៥២៥៧ ពណ៌ប្រផេះ និង- ម៉ាក Wave ពណ៌ស គ្មានស្លាកលេខ។

បើតាមលោកស្នងការរង បច្ចុប្បន្នជនសង្ស័យខាងលើនិងវត្ថុតាង ត្រូវបានរក្សាទុកនិងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការនគរបាលស្រុកអូរយ៉ាដាវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី ផ្តន្ទាទោសតាមច្បាប់៕