(ព្រះវិហារ)៖ ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដែលដឹកនាំដោយ លោក មាស ធីបញ្ញា អនុប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្ដ និងសហការី នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ បាននាំយកនូវសម្ភារ៖ ម៉ាស, ទឹកអាកុល សាប៊ូដុំលាងដៃ តែវីតាមីន AD ស្បៀង និងថវិកាមួយចំនួនទៅប្រគល់ជូនដល់អភិបាលស្រុក និងមេឃុំជាំក្សាន្ដ និងដើម្បីប្រើប្រាស់ដល់បម្រើដល់សកម្មភាព ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ក្រៅពីនាំយកអំណោយនេះ លោក មាស ធីបញ្ញា ក៏បានចុះអប់រំ ក៏ដូចជាចុះផ្សព្វផ្សាយ និងនាំយកម៉ាស និងទឹកអាកុលលាងដៃ ចែលជូនប្រជាពលរដ្ឋមួយចំនួន នៅភូមិអានសេះ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារផងដែរ។

សកម្មភាពនេះ ធ្វើឡើងតាមការអំពាវនាវអនុសាសន៍ណែនាំ របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ដើម្បីឲ្យក្រុមការងារ ចុះជួយដល់ថ្នាក់មូលដ្ឋាន ជាពិសេសជួយសម្រួលដល់ការខ្វះខាត របស់ប្រជាពលរដ្ឋ ក្នុងគ្រាដែលកំពុងតែមានបញ្ហាជំងឺកូវីដ-១៩។

សូមជម្រាបថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណី ជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១៧នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ មានសរុបចំនួន៥នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕