(ឧត្តរមានជ័យ)៖ អង្ករប្រមាណ២០០តោន ត្រូវបានលោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារចុះជួយខេត្តឧត្តរមានជ័យ បានចាត់ចែងជូនប្រជាពលរដ្ឋជួបការលំបាកដោយសារជំងឺកូវីដ១៩ នៅក្នុងខេត្តឧត្តរមានជ័យ។ ក្រៅពីអង្ករហើយនោះ ក្រមាប្រមាណ ១ម៉ឺន ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៉ីវ គិតជាថវិកាសរុបជាងមួយពាន់លានរៀល ក៏ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតផងដែរ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តឧត្តរមានជ័យ ដែលបានធ្វើក្នុងខែមេសា កន្លងទៅ។

ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដោយយោងតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្រុមការងារបានចុះធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំក្នុងពន្យល់ណែនាំប្រជាពលរដ្ឋពីវិធីទប់ស្កាត់ការចម្លង និងការពារជំងឺកូវីដ១៩។

លោកបានបញ្ជាក់ថា «ជារួមមកអាជ្ញាធរគ្រប់ថ្នាក់ និងមន្ត្រីជំនាញ ធ្វេីការស្រុះគ្នាបានល្អក្នុងការអប់រំប្រជាពលរដ្ឋឱ្យគាត់ការពារខ្លួនពីជំងឺកូវីដ១៩នេះ។ យើងក៏បានគ្រប់គ្រងពលករចំណាកស្រុកមកពីក្រៅខេត្ត និងពីក្រៅប្រទេសបានយ៉ាងល្អ ទាំងអ្នកមកដល់ផ្ទះ ទាំងអ្នកដែលឆ្លងកាត់តាមច្រកព្រំដែន»

លោកទេសរដ្ឋមន្ត្រីប្រធានក្រុមការងារ បានបន្ថែមថា ដោយមានការដាក់បទបញ្ជា ដាក់ចេញវិធានការ ការចាត់ចែងដោយម៉ត់ចត់របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន និងការអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាពពីមន្ត្រីពាក់ព័ន្ធគ្រប់រូបនៅក្នុងខេត្តនោះ ធ្វើឱ្យខេត្តឧត្តរមានជ័យរហូតមកដល់ពេលនេះមិនមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩នោះឡើយ។

កិច្ចប្រជុំនៅថ្ងៃនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណក្រុមការងារ មន្ត្រីរាជការ អាជ្ញាធរក្នុងខេត្ត ដែលបានខិតខំបំពេញការងារកន្លងមកប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។

បើទោះបីជាការងារកន្លងមកមានការសហការគ្នា មានការខិតខំរួមគ្នាសម្រេចបានលទ្ធផលល្អយ៉ាងណាក្តី តែលោកទេសរដ្ឋមន្ត្រី គន់ គីម នៅតែបន្តលើកទឹកចិត្ត និងជំរុញឱ្យក្រុមការងារខិតខំរួមគ្នាប្រឹងប្រែងសម្រេចឱ្យបាននូវការងារផ្សេងៗទៀត ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ។ ជាពិសេសបន្តយកចិត្តទុកដាក់ទប់ស្កាត់ឱ្យបានខ្ពស់ធ្វើយ៉ាងណាកុំឱ្យប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យឆ្លងជំងឺកូវីដ១៩។

លោកទេសរដ្ឋមន្ត្ត្រី បានណែនាំឱ្យក្រុមការងារបន្តចុះតាមខ្នងផ្ទះប្រជាពលរដ្ឋជួយអ្នកមានជីវភាពលំបាក។ ជាពិសេសអ្នករងផលប៉ះពាល់ពីជំងឺ Covid-19។

លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានណែនាំដល់ក្រុមការងារយកចិត្តទុកដាក់ពិនិត្យ និងជំរុញការដាំដុះ បង្កបង្កើនផល ការចិញ្ចឹមសត្វជាដើមរបស់ប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះ ដើម្បីពួកគាត់អាចទាញយកចំណូលទុបទល់នឹងវិបត្តិបង្កឡើងដោយជំងឺកូវីដ១៩៕