(កណ្តាល)៖ មន្ត្រីយោធាពាក់ស័ក្តិ៤ម្នាក់ បានបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន រួចហើយដឹកសពពីភ្នំពេញ រហូតដល់ខេត្តកណ្តាល ហើយហៅសមត្ថកិច្ចមកឃាត់ខ្លួនតែម្តង ដោយមិនបានរត់គេចនោះឡើយ។

ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងមុននេះបន្តិចថា ហេតុការណ៍ឃាតកម្មស្វាមីបាញ់សម្លាប់ភរិយានេះ បានកើតឡើងនៅម៉ោងប្រមាណ៣រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ។

លោកស្នងការបានបន្តថា ហេតុការណ៍ឃាតកម្ម បានកើតឡើងនៅតាមផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ក្រោយពេលបាញ់សម្លាប់ភរិយានៅក្នុងរថយន្តហើយនោះ បុរសជាប្តីបានដឹកសពភរិយាពីកន្លែងកើតហេតុ ទៅកាន់ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ពេលទៅដល់ចំណុចនេះ បានទូរស័ព្ទប្រាប់សមត្ថកិច្ចឱ្យមកឃាត់ខ្លួនតែម្តង។

សង្ស័យជាឃាតកមានឈ្មោះ គឹម សារី អាយុ ៥៨ឆ្នាំ ជាមន្ត្រីយោធា នៃក្រសួងការពារជាតិ។ រីឯជនរងគ្រោះជាភរិយាមាន ឈ្មោះ សោម សារៀប អាយុ៥០ឆ្នាំ មានស្រុកកំណើតខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ឈឿ ន សុចិត្ត មិនទាន់បញ្ជាក់ពីមូលហេតុនាំឱ្យមានការបាញ់សម្លាប់នេះឡើយ។ តែប្រភពបានអះអាងថា មុនពេលកើតហេតុ មានការជជែកគ្នា ដែលអាចកើតពីការអន់ចិត្តរឿងប្រច័ណ្ឌ ហើយប្រពន្ធប្រតាយប្រតប់ ប៉ៈកាំភ្លើងដែលបញ្ចូលគ្រាប់រួច ក៏បណ្តាលឱ្យផ្ទុះត្រូវស្លាប់តែម្តង។

លោកស្នងការខេត្តកណ្តាល បានឱ្យ Fresh News ដឹងថា ដោយសារតែរឿងហេតុនេះកើតឡើងនៅរាជធានីភ្នំពេញ។ ដូច្នេះជនសង្ស័យត្រូវបានប្រគល់មកសមត្ថកិច្ចនៅរាជធានីភ្នំពេញ ជាអ្នករៀបចំចាត់ចែងកសាងសំណុំរឿងបញ្ជូនទៅតុលការ ដើម្បីចាត់ការទៅតាមច្បាប់៕