(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញចុះណែនាំពីវិធានការការពារបន្ថែមទៀតនៃជំងឺកូវីដ១៩ (COVIDE-19) ដល់អ្នកជំងឺមកទទួលសេវាព្យាបាលសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង។

ជាងនេះទៅទៀត រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានចុះពិនិត្យពីការអនុវត្ដន៍វិធានការការពារពីជំងឺកូវីដ១៩ របស់មន្ទីរពេទ្យព្រះអង្គឌួង ដែលបានដាក់ទូសម្លាប់មេរោគស្វ័យប្រវត្ដិជូនអ្នកជំងឺដែលមកពិនិត្យផងដែរ។

ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងកោតសរសើរដល់មន្ទីរពេទ្យព្រះអង្គឌួង ដែលបានដាក់ទូសម្លាប់មេរោគ ការអង្គុយ និងឈរដោយរក្សានូវគម្លាត និងពាក់ម៉ាសជានិច្ច ដែលជាវិធានការមួយ រួមចំណែកក្នុងការពង្រឹងស្មារតី និងគំរូអនាម័យស្អាតជានិច្ចដល់ប្រជាពលរដ្ឋ ដើម្បីកុំឱ្យងាយឆ្លងជំងឺផ្សេងក្រៅពីចម្លងជំងឺកូវីដ១៩។

លើសពីនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានថ្លែងលើកទឹកចិត្ដដល់គ្រប់មន្ទីរពេទ្យទូទាំងប្រទេស ដាក់នូវទូសម្លាប់មេរោគ ស្វ័យប្រវត្ថិនេះ រួមទាំងអនុវត្ដន៍ឱ្យបាននូវវិធានការការពាររបស់ក្រសួងសុខាភិបាល។

ជាងនេះទៅទៀត រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានផ្ដល់នូវសារអប់រំបន្ថែមទៀតផងដែរ «កម្ចាត់ជំងឺកូវីដ១៩ (COVIDE-19) ផ្ដើមចេញពីខ្លួនយើង កម្ចាត់ជំងឺកូវីដ១៩ (COVIDE-19)»

សូមជម្រាបថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១៧នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដមានសរុបចំនួន៥នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕