ស្ត្រីវិកលចរិតម្នាក់ ត្រូវរថយន្តបើកកិនខ្ទេចសាច់ មើលលែងយល់
11-01-2016 11:55
(ស្ទឹងត្រែង)៖ ស្ត្រីវិកលចរិតម្នាក់ ទំនងដើរ ឬដេកនៅលើទ្រូងផ្លូវ ត្រូវបានរថយន្តមិនស្គាល់ម៉ាក បើកបុកហើយកិនស្លាប់ដែលសាកសព បែកជាបំណែកៗខ្ទេចវល់ ស្ទើរមើលមិនយល់ ដោយហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅតាមដងផ្លូវក្នុងភូមិកាតូត ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ស្ត្រីវិកលចរិតដែលត្រូវ រថយន្តកិនស្លាប់ខាងលើនេះ ត្រូវបានគេហៅឈ្មោះ យាយយ៉យ អាយុជាង៤០ឆ្នាំ គាត់ជាមនុស្សវិកលចរិត រស់នៅក្នុងស្រុកភូមិកើតហេតុខាងលើនេះ ដោយគេឧស្សាហ៍ឃើញគាត់ដើរ នៅតាមដងផ្លូវជារៀងរាល់ថ្ងៃ។ ចំណែករថយន្តបង្ក មិនត្រូវ បានគេស្គាល់នោះទេ ព្រោះក្រោយកើតហេតុ បានបើករត់គេចបាត់ស្រមោល។
ប្រភពព័ត៌មានពីអ្នកជិតខាង កន្លែងកើតហេតុបានអះអាងថា ករណីនេះគេមិនដឹងកើតឡើង នៅពេលណានោះទេ គ្រាន់តែគេសង្ស័យថា អាចកើតឡើងនៅយប់ជ្រៅ ព្រោះពេលកើតហេតុគ្មាន នរណាបានដឹងនោះទេ ទាល់តែព្រឹកឡើងថ្ងៃទី១១ ខែមករានេះទើបគេប្រទះ ឃើញបំណែកសាកសព នៅរាយប៉ាយពេញផ្លូវ ទើបនាំគ្នាភ្ញាក់ផ្អើលតែម្ដងទៅ៕