(ភ្នំពេញ)៖ ថ្ងៃនេះ វេលានេះ ទុក្ខលំបាកវេទនាគ្រប់បែបយ៉ាង ចំពោះការរស់នៅប្រចាំថ្ងៃរបស់ជនពិការកំបុតដៃទាំងសងខាង ត្រូវបានសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលមាន​ទឹកចិត្​ដមនុស្សធម៌ បានយកចិត្ដទុកដាក់ខ្ពស់ ដោយជួយផ្គត់ផ្គង់ស្ទើរគ្រប់ផ្នែកទាំងអស់ រួមមាន ការបណ្ដុះបណ្ដាលការសិក្សានៅតាមសាលារៀន ឬសាកលវិទ្យាល័យ មុខជំនាញសម្រាប់​ប្រកបមុខរបរផ្ទាល់ខ្លួន ថវិកា សម្ភារៈផ្សេងៗទៀត ដែលជាមូលនិធិក្រោមការផ្តួចផ្តើមគំនិតដោយ លោក ជា រតនា និងភរិយា  ដើម្បីជួយសម្រួលការលំបាក និងលើកទឹកចិត្តដល់ពួកគាត់ឲ្យមានក្ដីរំពឹងក្នុងជីវិតរស់នៅ។

ជាក់ស្ដែងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នាវិទ្យាស្ថានជាតិអប់រំ លោក ជា រតនា ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ហើយក៏ជាអ្នកកៀរគររកប្រាក់សប្បុរសធម៌ពីគ្រប់ទិសទី បានថ្លែងឲ្យដឹងថា ការបង្កើតមូលនិធិនេះទ្បើង ដោយសារតែលោកឃើញពីសភាពនៃការរស់នៅរបស់បងប្អូនជនពិការមានភាពលំបាកវេទនាខ្លាំងណាស់ក្នុងការរស់នៅប្រចាំថ្ងៃ ពិសេស អ្នកកំបុតដៃទាំងសងខាងនេះតែម្ដង។

លោកថ្លែងបន្ដថា «ដូច្នេះហើយ គ្រប់ជនពិការកំបុតដៃទាំងពីរនៅកម្ពុជា ខ្ញុំ និងភរិយា រួមទាំងសប្បុរសជនទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស នឹងជួយឲ្យពួកគាត់ មានចំណេះ ជំនាញពិតប្រាកដ ទាំងភាសារអង់គ្លេស ឬភាសារដទៃទៀត ជំនាញកសិកម្មចិញ្ចឹមជីវិត និងមុខវិជ្ជាអ្វីក៏ដោយឲ្យតែចង់បាន យើងខ្ញុំទាំងអស់គ្នា នឹងធ្វើជូនគាត់តែម្ដង ព្រោះដើម្បីឲ្យជីវិតពួកគាត់ រស់នៅក្នុងភាពល្អប្រសើរ ជាងពេលនេះ ទ្វេដង»

លោក បន្ដថា ប៉ុន្ដែតែការជួយបែបនេះមិនដឹងថា ជួយដល់កម្រិតណានោះទេ ព្រោះអាស្រ័យទៅលើមូលនិធិ តែថ្ងៃជួបជុំសំណេះសំណាល និងពិសារអាហារជុំគ្នាជាមួយ ជនពិការនេះ ជាលើកទីមួយហើយ គឺយើងមានគ្រប់គ្រាន់ណាស់ សម្រាប់ពួកគាត់  ដោយក្នុងនោះជនពិការចំនួនជាង១៥០នាក់ ដែលមកពីបណ្ដាខេត្ដ-ក្រុងទាំង១៩ ទទួលបានថវិកាក្នុងម្នាក់ៗមួយលានរៀល រួមមានទាំងសោហ៊ុយធ្វើដំណើរ ទាំងជនពិការ និងអ្នកជូនដំណើរទៅវិញមកមួយចំនួនផងដែរ។

លោក បន្ថែមទៀតថា តែវាមិនថ្វីទេ ពេលដែលយើងបានផ្ដល់ការសិក្សានូវគ្រប់មុខវិជ្ជាដែលអាចធ្វើឲ្យពួកគាត់យកចំណេះវិជ្ជានេះមកប្រើប្រាស់ នឹងអាចស្វែងរកថវិកាសម្រាប់ចិញ្ចឹមជីវិត​របស់ពួក​គាត់ឲ្យមាន​ភាពល្អប្រសើរ ដោយពេលក្រោយៗទៀត ទោះគ្មានជំនួយពីសប្បុរសជន ក៏ពួកគាត់អាចជៀសផុតពីភាពលំបាកវេទនាដូចសព្វថ្ងៃនេះដែរ។

លោកថ្លែងបន្ដថា មកទល់ពេលនេះចំពោះការផ្ដល់ជំនួយដល់បងប្អូនជនពិការអស់ប្រមាណាជាង ៣០០លានរៀល ហើយយើងនឹងបន្ដសកម្មសកម្មភាពនេះ ជាបន្ដបន្ទាប់ទៀត ដូច្នេះ ក៏សូមអំពាវនាវដល់សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស ជួយឧបត្ថម្ភបន្ថែមទៀតដើម្បីជួយសម្រាលនូវទុក្ខលំបាក របស់បងប្អូនជនពិការនៅកម្ពុជា៕