(កំពង់ចាម)៖ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន៣៤នាក់ ស្រី០២នាក់ ក្នុងនោះ ផ្ទេរភារកិច្ចចំនួន១០នាក់ ស្រីម្នាក់ និងតែងតាំងមុខតំណែងចំនួន២៤នាក់ ស្រីម្នាក់។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង លោកអនុប្រធានផែន លោក លោកស្រី នាយការិយាល័យជំនាញគ្រប់រូប លោកអធិការស្រុក ក្រុងទាំង១០ សរុបអ្នកចូលរួមមានចំនួន៩៦នាក់។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានផ្នាំផ្ញើដល់មន្រ្តីដែលទើប និងប្រកាសតែងតាំងមុខតំណែងថ្មី ត្រូវខិតខំពង្រឹង និងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ។

លើសពីនេះ លោកឧត្តមសេនីយ៍ស្នងការ បានជំរុញឲ្យបង្កើនសមត្ថភាពថ្មីៗ ដើម្បីបំពេញការងារជូនអង្គភាពឲ្យបានល្អប្រសើរ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងណែនាំមន្ត្រីនគរបាលត្រូវគោរពបទបញ្ជា ក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏បានណែនាំបន្ថែមពីវិធានការ ទប់ស្កាត់ ការឆ្លងមេរោគ COVID-19 ដោយតម្រូវឲ្យមន្រ្តីត្រូវពាក់ម៉ាស់ ប្រើជែល អាល់កុល ឬសាប៊ូលាងដៃ ការធ្វើអនាម័យខ្លួនប្រាណ គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល៕