(កណ្ដាល)៖ ទីតាំងច្រក វេចខ្ចប់ មេឡេគីឡូ គ្រឿងក្រអូប ជេលលាងដៃ និងអាល់កុលដែលមានម្ចាស់ឈ្មោះ គួច ឆេងគីម ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះលេខ៤៣ ផ្លូវ១០៥ ក្រុងតាខ្មៅ ត្រូវបានកម្លាំងចម្រុះសម្រេចបិទទីតាំង ព្រមទាំងដកហូតផលិតផលចម្រុះចំនួន៦៧មុខ យកទៅធ្វើសំណាកនៅគណៈកម្មាធិការប្រយុទ្ធប្រឆាំង និងផលិតផលក្លែងក្លាយបង្កហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី២៤ ខែមេសានេះ ដោយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយគណៈកម្មាធិកាប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមដឹកនាំដោយមលោកឧត្តមសេនីយ៍ទោ តូច យ៉ុន អនុប្រធានលេខាធិការដ្ឋាន នៃ ក្រសួងមហាផ្ទៃ ,កម្លាំងមន្ទីរសុខាភិបាលខេត្ត តំណាងចៅសង្កាត់តាខ្មៅ និងមេភូមិតាខ្មៅ ដឹកនាំដោយលោក សូ សុវិទ្យា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាលផងដែរ ។

តាមការបញ្ជាក់របស់សមត្ថកិច្ច បានឲ្យដឹងថា ដោយមានការឯកភាពពី លោកព្រះរាជអាជ្ញារង សូ សុវិទ្យា ឲ្យធ្វើការបិទទីតាំងនេះជាបណ្ដោះអាសន្នសិន រង់ចាំអនុវត្តនីតិវិធីបន្ត ។

ជុំវិញករណីនេះដែរ លោក សូ សុវិទ្យា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ពុំអាចស្នើសុំព័ត៌មានបន្ថែមណាមួយឡើយ ដោយលោករុញឱ្យសួរទៅអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ។

ចំពោះហេតុការណ៍នេះដែរ លោកទិន សុចិត្រា អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បាននិយាយប្រាប់ Fresh News ថា ទីតាំងនេះពិតជាបានបិទបណ្ដោះអាសន្នពិតមែន រីឯម្ចាស់ទីតាំងពុំបានឃាត់ខ្លួននោះទេ៕