(ភ្នំពេញ)៖ លោក ឌិត មុន្ទី ប្រធានតុលាការកំពូល បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រសួងយុត្តិធម៌ក្រោមការដឹកនាំ របស់លោករដ្ឋមន្ត្រី កើត រិទ្ធ នឹងមានការកែទម្រង់កាន់តែប្រសើរឡើងថែមទៀត។

លោក ឌិត មុន្ទី បានបញ្ជាក់ក្នុងលិខិតមួយ ដែលផ្ញើទៅលោក កើត រិទ្ធ ដោយបង្ហាញជំនឿថា៖ «ក្រោមការដឹកនាំរបស់ឯកឧត្តម ក្រសួងយុត្តិធម៌នឹងដាក់ចេញគោលការណ៍ថ្មីៗ ដើម្បីជាផលប្រយោជន៍ដល់ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងច្បាប់ ដែលជាមុំមួយនៃយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល»

យោងតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០, លោក ឌិត មុន្ទី ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះលិខិតជូនពររបស់លោក កើត រិទ្ធ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលបានផ្តល់ការលើកទឹកចិត្តដល់លោក ក្នុងការចូលរួមចំណែកបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន និងជាពិសេសជំរុញការពង្រឹងនីតិរដ្ឋឲ្យបានរឹងមាំ ដើម្បីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់កម្ពុជា។

ទន្ទឹមនឹងនេះដែរ ប្រធានតុលាការកំពូល បានថ្លែងនូវការអបអរសាទរ ដែលលោក កើត រិទ្ធ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌៕