(ភ្នំពេញ)៖ សមាគមគ្រឹះស្ថានឧត្តមសិក្សា ដែលមានគ្រឹះស្ថានសិក្សាចំនួន១១៣ ជាសមាជិកនោះ បានអំពាវនាវ និងស្នើសុំដល់អាណាព្យាបាលរបស់សិស្ស ដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុដាក់ពាក្យស្នើសុំទៅសាលាដោយផ្ទាល់ ហើយជជែកគ្នាជាមួយសាលា ដើម្បីទទួលបានការបញ្ចុះតម្លៃ។

ក្នុងសេចក្តីអំពាវនាវចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ សមាគមគ្រឹះស្ថានឧត្តមសិក្សា បានកត់សម្គាល់ឃើញថា ក្នុងស្ថានភាពនៃវីរុសកូវីដ១៩ បាននឹងកំពុងតែរាតត្បាត បានធ្វើឱ្យស្ទើរគ្រប់វិស័យក្នុងប្រទេសកម្ពុជា រួមទាំងគ្រឹះស្ថានសិក្សាអប់រំទូទាំងប្រទេសកម្ពុជា ត្រូវបានផ្អាកសេវាអប់រំតាំងពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ រហូតមក។

សមាគម បានគូសបញ្ជាក់ថា ក្នុងរយៈពេលផ្អាកការបណ្ដុះបណ្ដាលនេះ គ្រឹះស្ថានសិក្សាចំនួន១១៣ ដែលជាសមាជិករបស់សមាគម បានជួបប្រទះនូវការលំបាក និងផលប៉ះពាល់យ៉ាងខ្លាំង ដូចជាត្រូវបន្តការបើកប្រាក់បៀវត្សរ៍ដល់គ្រូ និងបុគ្គលិក បន្តបង់ឈ្នួលអគារ និងបន្តបង់ការប្រាក់ និងប្រាក់ដើមធនាគារ ព្រមទាំងការចំណាយជាច្រើនផ្សេងៗទៀតដដែល។

ម្យ៉ាងវិញទៀត សមាជិកសមាគម ក៏កំពុងរងនូវផលលំបាកដ៏ធ្ងន់ធ្ងរបន្ថែមទៀត ដូចជាការធ្លាក់ចុះបរិមាណសិស្ស ការបន្ថយថ្លៃដោយសមាជិក សមាគមដោយខ្លួនឯង និងការស្នើសុំបញ្ចុះថ្លៃដោយមាតាបិតា និងអ្នកអាណាព្យាបាលសិស្សបន្ថែមទៀត។ ការស្នើសុំបញ្ចុះថ្លៃនោះ សមាជិកសមាគមភាគច្រើន បានដោះស្រាយការសុំបញ្ចុះថ្លៃ ដោយករណីដោយឡែកៗ និងទល់មុខគ្នា។ លទ្ធផលបានមក គឺវិជ្ជមាន តាមវិធីឈ្នះៗ ដែលអាចទទួលយកបានទាំងអស់គ្នា។

ឆ្លើយតបការតវ៉ានានារបស់អាណាព្យាបាលសិស្សសុំឱ្យមានការបញ្ចុះតម្លៃនោះ សមាគមអំពាវនាវដល់មាតាបិតា ឬអាណាព្យាបាលសិស្សទាំងអស់ មេត្តាដាក់ពាក្យស្នើសុំបញ្ចុះតម្លៃ ដោយជម្រាបពីវិបត្តិហិរញ្ញវត្ថុរៀងៗខ្លួន ដែលបណ្ដាលមកពីជំងឺរាតត្បាតកូវីដ១៩ ជូនដល់ម្ចាស់ ឬគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាអប់រំឯកជននីមួយៗ ដើម្បីជួយដោះស្រាយ និងបន្ធូរបន្ថយជូនឱ្យអស់ពីលទ្ធភាព។

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា មាតាបិតា ឬអាណាព្យាបាលសិស្ស នឹងចូលរួមដោះស្រាយដោយធ្វើសម្បទានគ្នាទៅវិញទៅមក និងដោយភាពអត់ធ្មត់បំផុត តាមវិធីឈ្នះៗទាំងអស់គ្នា ដើម្បីឆ្លងផុតដំណាក់កាលលំបាកនេះជាក់ជាពុំខានឡើយ៕