(មណ្ឌលគីរី)៖ ក្រុមមន្ត្រីជំនាញ និងប្រជាពលរដ្ឋជាម្ចាស់ដំរីស្រុកចំនួន ៦ក្បាល កំពុងរង់ចាំរំដោះដំរីញី ដែលត្រូវដំរីព្រៃស្តរក្រវែលមិនឱ្យទៅណា ខណៈបញ្ហានេះធ្វើឱ្យប្រជាពលរដ្ឋរស់នៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយដំរីព្រៃមួយហ្វូង បានសម្រុកចូលជិតភូមិ ដើម្បីរកញីបង្កឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាព ព្រោះតែហ្វូងដំរីព្រៃព្យាយាម តាមដំរីស្រុកញី ដែលហ្មយកទៅចងនៅមាត់ អូរក្បែរភូមិ។

លោក ព្រំ វិបុលរតនៈ នាយកដែនជម្រកការពារសត្វព្រៃកែវសីមា បានឱ្យដឹងថា ហ្វូងដំរីព្រៃ ដែលចូលមករកដំរីញីនេះ មានចំនួន ៧ក្បាល តាំងពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០មក ក្នុងនោះដំរី ចំនួន ៦ក្បាល បានចូលទៅក្នុងព្រៃវិញ ខណៈនៅដំរីស្តរមួយក្បាលមិនព្រមចាកចេញពីទីតាំង ដែលអ្នកភូមិយកដំរីញី ចំនួន ៤ក្បាល ទៅចងតាមទម្លាប់នោះទេ។

លោកបានសន្និដ្ឋានថា មូលហេតុដែលដំរីស្តរមួយក្បាលនេះ មិនព្រមចូលទៅព្រៃ ជាមួយហ្វូងរបស់វា អាចមកពីវាចង់ញី ទើបវានៅក្រវែលៗ ដំរីញី របស់អ្នកស្រុកដែលចងជើងជាប់នៅជិតអូរ។

ដោយសារតែខ្លាចដំរីព្រៃវាយសម្លាប់ដំរីញី ក្រុមហ្មដំរី ចំនួន ៥នាក់ ដែលជាម្ចាស់ដំរីញីទាំងបួនក្បាល បានព្យាយាមចូលទៅរំដោះដំរីញី ពីដំរីព្រៃ ប៉ុន្តែ ការខិតខំរបស់ពួកគេបរាជ័យដោយអាចស្រាយចំណងចងជើងដំរីញី បានមួយក្បាលប៉ុណ្ណោះ ក៏ត្រូវដំរីព្រៃដេញរត់ឡើងដើមឈើប៊ិះមិនទាន់ ហើយក្រុមហ្មដំរី ជនជាតិព្នង ដ៏ស្ទាត់ជំនាញរាប់ឆ្នាំមកហើយនោះត្រូវជាប់គាំងលើដើមឈើអស់ជាច្រើនម៉ោង តាំងពីព្រឹករហូតថ្ងៃត្រង់ ទើបអាចចុះពីលើដើមឈើ ដើម្បីរត់ចូលមកភូមិវិញបាន។

បើតាមការរៀបរាប់របស់ហ្មដំរី ដែលចូលទៅរំដោះដំរី របស់ខ្លួន បានឲ្យដឹងថា ដំរីស្តរ ដែលព្យាយាមទាក់ទងដំរីញីទាំងបីក្បាល នៅជាប់ចំណងជើងនោះ មានចារិកកាចខ្លាំងមាឌធំខ្ពស់ មានចែម្ខាងបើកត្រជាក់ធំ និងលើកប្រមោយជាប់ជានិច្ច ដែលវាត្រៀមវាយប្រហារ មនុស្សណាហ៊ានចូលទៅជិត។ ក្រុមហ្ម បន្តថានៅពេលពួកគាត់ចូលទៅដល់កន្លែងចងដំរីញី គាត់រូតរះស្រាយចំណងជើងដំរីញី បានតែមួយក្បាល ស្រាប់តែដំរីស្តរ ក្រឡេកឃើញក៏ដេញវាយពួកគាត់រត់ឡើងដើមឈើ ដើម្បីចៀសផុតពីគ្រោះថ្នាក់។

គិតត្រឹមរសៀលថ្ងៃទី២៣ ក្រុមមន្ត្រីជំនាញនៅមិនទាន់អាចសង្គ្រោះដំរីញី ទាំងបីក្បាលពីដំរីព្រៃស្តរដ៏កាចនោះបានទេ។ បើតាមក្រុមមន្ត្រីនិយាយថា ករណីនេះគេ និងរង់ចាំបន្តិចទៀតសិន ដើម្បីឱ្យដំរីស្តរ ត្រជាក់ចិត្តវាចូលទៅព្រៃវិញ។ តែបើស្ថានភាពនៅតែបន្តអូសបន្លាយមន្ត្រីជំនាញអាច និងប្រើប្រាស់កាំភ្លើងសណ្តំបាញ់ឱ្យវាសន្លប់ ដើម្បីរំដោះយកដំរីញី ចេញពីកន្លែងកើតហេតុតែម្តង។

ដំរីព្រៃ នៅដែនជម្រកការពារសត្វព្រៃកែវសីមា បច្ចុប្បន្ន មានចំនួនប្រមាណជាង ១៥០ក្បាល ប្រភេទពូជដំរីអាស៊ី ហើយដំរីព្រៃទាំងនេះ តែងចេញពីព្រៃ ចូលភូមិឋានអ្នកស្រុក ពេលខ្លះចូលទៅស៊ីផលដំណាំក្នុងចំការអ្នកភូមិ ក៏មាន៕