(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យអាងទឹក សម្រាប់បង្កបង្កើនផល និងជំរុញការធ្វើកសិកម្ម នៅខេត្តបន្ទាយមានជ័យ។

ទទួលបានអនុសាសន៍ និងការចង្អុលបង្ហាញ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន, លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើរបាយការណ៍ពីវឌ្ឍនភាពការងារ ដោយបានចាត់តាំង ជាក្រុមការងារខេត្តចំនួន២ គឺក្រុមការងារកសិកម្មត្រួតពិនិត្យអាងទឹក សម្រាប់បង្កបង្កើន និងជំរុញការខេត្តធ្វើកសិកម្ម និងក្រុមការងារជំរុញមូលនិធិឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដើម្បីគាំទ្រផលិតកម្មកសិកម្ម របស់ប្រជាកសិករ នៅខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្នខេត្តមាន ១៖ សហគមន៍ដាំបន្លែចំនួន៣ គឺសហគមន៍ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក, សហគមន៍បន្លែសុវត្ថិភាពរុងរឿង ស្រុកមង្គលបូរី និងសហគមន៍បន្លែបៃតង ពង្រកងវ៉ាក្រុងសិរីសោភ័ណ ផ្តល់ទិន្នផលបន្លែបាន២៩០.៥តោន។ ២៖ ក្រុមចិញ្ចឹមសត្វទា មានសមាជិករួម៤៧នាក់ ចិញ្ចឹមទាបាន៤២១,៩៩៩ក្បាល និងចិញ្ចឹមមាន់ បាន១២,០០០ក្បាល។ ៣៖ មានប្រភពទឹកអាចប្រើប្រាស់ ក្នុងការបង្កបង្កើនផលកសិកម្មចំនួន៧កន្លែង គឺអាងកន្សែង កូនត្រី ជើងគ្រុះ អន្លុងរុត ត្រពាំងថ្ម ស្ទឹងស្រែង និងស្ទឹងសិរីសោភ័ណ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណ និងកោតសសើរដល់ថ្នាក់ដឹកនាំខេត្ត និងអ្នកពាក់ព័ន្ធ ដែលបានខិតខំជួយជ្រោមជ្រែង ជំរុញលើកទឹកចិត្តគាំពារសកម្មភាព បំពេញការងារកសិកម្ម របស់ប្រជាកសិករយើង។

ជាមួយនឹងការកោតសសើរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ ឲ្យបន្តត្រួតពិនិត្យអាងទឹក សម្រាប់បង្កបង្កើនផល និងជំរុញការងារ កសិកម្ម ពិនិត្យមូលនិធិផ្តល់ប្រាក់កម្ចីជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ ប្រកបរបរកសិកម្មដូចជា បង្កើតសហគមន៍ចិញ្ចឹមមាន់ ទា ត្រី បន្តណែនាំឲ្យមន្ត្រីតាមមន្ទីរ ចុះអប់រំ បណ្ដុះបណ្ដាលប្រជាពលរដ្ឋ បង្កបង្កើនផលកសិកម្ម រកបច្ចេកទេសដាំបន្លែគ្មានជាតិគីមីសហការជាមួយដៃគូទីផ្សារ សម្រាប់ទទួលទិញផលិតផលកសិកម្ម ពីប្រជាពលរដ្ឋ និងត្រៀមដើមទុនបម្រុង សម្រាប់ជួយកសិករក្រីក្រ៕