(កំពង់ចាម)៖ លោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ បានជួបសំណេះសំណាលសួរសុខទុក្ខ និងអប់រំ អនាម័យសុខភាព ដល់ប្រជាពលរដ្ឋមកពីប្រទេសថៃ ប្រមាណជាង ២០០នាក់ ដែលបានធ្វើចត្តឡីស័ក ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ តាមផ្ទះរបស់ខ្លួន។

ពិធីសំណេះសំណាលនេះ បានធ្វើឡើងនៅបរិវេណវត្តវិហារធំ ឃុំវិហារធំ ស្រុកកំពង់សៀម នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ។

ស្ថិតក្នុងឱកាសនោះ លោកស្រីអភិបាលរងខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនចំពោះ ប្រជាពលរដ្ឋទាំង២០៨នាក់ ជាពិសេសបងប្អូនចំណូលស្រុក ទាំងអស់ដែលបានវិលមកពីប្រទេសថៃ ហើយបានអនុវត្តទៅតាមការណែនាំ របស់រាជារដ្ឋាភិបាល តាមរយៈការធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួននាពេលកន្លងមកនោះ។

លោកស្រី ប៉ាង ដានី បានពន្យល់អំពីសុវត្ថិភាព នៃការធ្វើចំណាកស្រុកដោយកបញ្ជាក់ថា ការធ្វើចំណាកស្រុកដោយស្របច្បាប់ គឺនាំមកនូវសុវត្ថិភាព ចំពោះខ្លួនឯងផ្ទាល់ជាពិសេសកាត់បន្ថយ នូវហានិភ័យផ្សេងៗ ដូចជាការរំលោភបំពានទៅនឹងកម្លាំងពលកម្មផ្លូវភេទ និងការជួញដូរមនុស្សជាដើម។

លោកស្រី ប៉ាង ដានី បានបន្តថា ដូច្នេះ ហើយពេលត្រឡប់ទៅវិញ បងប្អូនត្រូវស្វែងយល់អំពីឯកសារផ្លូវច្បាប់ឱ្យកាន់តែទូលំទូលាយថែមទៀត ជាពិសេសម្នាក់ៗ ត្រូវមានឯកសារនៅជាប់ខ្លួន និងទុកដាក់នៅអាជ្ញាធរមូលដ្ឋាន ដើម្បីពួកគាត់មានមូលដ្ឋានក្នុងការជួយដោះស្រាយ នៅពេលដែលយើងទៅប្ដឹង។ ក្រៅពីនោះ បើទោះបីជាបងប្អូនចង់វិលទៅធ្វើការងារនៅក្រៅស្រុក និងនៅក្នុងស្រុកក្ដី គឺទាមទារឱ្យបងប្អូន ត្រួវមានមុខជំនាញ និងអាជីពច្បាស់លាស់ផងដែរ។

លោកស្រីអភិបាលរងខេត្ត បានបញ្ជាក់ថា បច្ចុប្បន្ន ក្នុងការផ្ដល់នូវជំនាញវិជ្ជាជីវៈនេះ នៅថ្នាក់ខេត្តយើងមានវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើការបណ្ដុះបណ្ដាលជំនាញសំខាន់ៗចំនួន៤ គឺជាងអគ្គិសនី ជាងជួសជុល ជាងផ្សាដែក និងសេវាបដិសណ្ឋាកិច្ច។ ដែលមានលទ្ធភាពអាចផ្ដល់ការបណ្ដុះបណ្ដាល ដល់បងប្អូនករណីមិនសម្រេចចិត្តវិលត្រឡប់ទៅធ្វើការនៅក្រៅប្រទេសវិញនោះ។

លោកស្រីអភិបាលរងខេត្ត ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមថែរក្សាអនាម័យ តាមរយៈការលាងដៃជាមួយសាប៊ូ ឬអាល់កុល និងតាមដានកំដៅជាប្រចាំ ដើម្បីបង្ការការឆ្លងនៃជំងឺកូវីដ១៩៕