(ភ្នំពេញ)៖ របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ​២០១៦ម្សិលមិញ មាន​ករណីគ្រោះថ្នាក់​ចរាចរណ៍ នៅ​​ទូទាំងប្រទេស​កើតឡើងចំនួន៩លើក ក្នុងនោះយប់៥លើក​ បណ្តាលឲ្យ​មនុស្ស​ស្លាប់៥នាក់ ​(ស្រី១នាក់) រងរបួសធ្ងន់១៣នាក់ ​(ស្រី៤នាក់) និងរងរបួសស្រាល៥នាក់ (ស្រី២នាក់)។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ទាំង៩លើក​នេះ បាន​បង្ក​ឲ្យ​មាន​ការខូច​ខាត យានយន្តសរុបចំនួន១៧គ្រឿង រួមមានម៉ូតូ​ចំនួន១០គ្រឿង​, រថយន្តធុនតូច៥​គ្រឿង,​ រថយន្តធុនធំ១គ្រឿង និងយានផ្សេងៗ១គ្រឿង ហើយ​មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណី​គ្រោះ​ថ្នាក់ចរាចរណ៍ ​រួមមានល្មើសល្បឿន២លើក, ស្រវឹង២លើក, មិនគោរពសិទ្ធិ២លើក, ប្រជែង​គ្រោះ​ថ្នាក់ ២លើក និងបត់គ្រោះថ្នាក់១លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍១៩នាក់ ​(​យប់​៩នាក់)។

ជាមួយគ្នានេះដែរ ខេត្តដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើនរួមមាន ខេត្ត​កំពង់​ស្ពឺ៣លើក ស្លាប់២នាក់ (ស្រី១នាក់) របួស៥នាក់, ខេត្តកំពង់ចាម១លើក ស្លាប់៣នាក់ របួស១នាក់, ខេត្តបាត់ដំបង១លើក ស្លាប់១នាក់, ខេត្តស្វាយរៀង១លើករបួស៥នាក់ និង​ខេត្តតាកែវ១លើក របួស៤នាក់ (ស្រី៣នាក់)។ ដោយឡែក​​យាន​យន្តដែលល្មើស​ សរុប​ទូទាំង​ប្រទេស​មានចំនួន៤៧៤៥គ្រឿង ក្នុងនោះបានធ្វើ​ការអប់រំ​ចំនួន១៩៨២គ្រឿង ​ពិន័យ​សរុប២៧៦៣​គ្រឿង និង​បាន​ឃាត់​យាន​ទុក​មានចំនួន៤២គ្រឿង​៕