(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លង និងរីករាលដាលជំងឺកូវីដ១៩ (COVID-19) ខណៈដែលកម្ពុជាការឆ្លងនៅមានកម្រិតទាប។

ការក្រើនរំលឹកបែបនេះ របស់លោកស្រី ម៉ែន សំអន នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុកដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង បីប្រភេទ ដែលបានចូលរួម ក្នុងការទប់ស្កាត់ការរីកដាលនៃជំងឺកូវីដ១៩ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ។

លោកស្រី ម៉ែន សំអន បានផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោក លោកស្រី ដោយបានលើកឡើងថា សម្តេចទាំងទ្វេរតែងតែគិតគូរ ដល់សុខទុក្ខមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងបានជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលទើបនឹងកន្លងផុតថ្មីៗនេះដែរ។

លោកស្រី ម៉ែន សំអន ក៏បានកោតសសើរ និងថ្លែងអំណរគុណដល់ក្រុមការងាររដ្ឋាភិបាលចុះជួយខេត្ត ក្រុង ស្រុក ទាំងអស់រួមទាំងរដ្ឋបាល ខេត្តស្វាយរៀង មន្ទីរសុខាភិបាលខេត្តស្វាយរៀង និងរដ្ឋបាលគ្រប់ស្រុក ពិសេស ស្រុកស្វាយជ្រំ ដែលបានរួមគ្នាបំពេញការងារបានយ៉ាងល្អ នៅមូលដ្ឋានរៀងៗខ្លួន និងអនុវត្តបានយ៉ាងសកម្ម ក្នុងការចូលរួមទប់ស្កាត់នូវជំងឺកូវីដ១៩ ដែលពិភពលោក ក៏ដូចជាតំបន់បាននឹងកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង។

លោកស្រីបានបញ្ជាក់ថា យើងមិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានកម្រិតតិចក្តី ក្រោមការអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការណ៍ជាច្រើនរបស់សម្តេចតេជោ។ ស្របពេលដែលកម្ពុជាមកដល់ថ្ងៃនេះ អ្នកឆ្លងមានចំនួន ១២២នាក់ អ្នកជាសះស្បើយមានចំនួន ១១០នាក់ និងពុំមានអ្នកស្លាប់នោះទេ ចំណែកឯពិភពលោកកំពុងប្រឈមមុខនឹងយ៉ាងខ្លាំងអំពីការឆ្លង និងស្លាប់យ៉ាងកំហុក ដែលមកដល់ពេលនេះ អ្នកឆ្លងមានចំនួន ជាង ២លាន ៧សែននាក់ អ្នកស្លាប់ជាង ១៩ម៉ឺននាក់ និងអ្នកជាសះស្បើយមានចំនួន ៧៤ម៉ឺននាក់។

លោកស្រីក៏បានស្នើឱ្យបងប្អូនទាំងអស់ ត្រូវរក្សាស្រូវអង្ករ អំបិល ត្រីបម្រុងទុក្ខ ដោយមិនឱ្យខ្វះខាតឡើយ, ជំរុញឱ្យប្រជាពលរដ្ឋពង្រីកការដាំដុះ បន្លែបង្ការចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលកំពុងមានត្រូវការ ខណៈការនាំចូលត្រូវបានកាត់បន្ថយ ដើម្បីបំពេញតម្រូវការក្នុងស្រុក ដែលជាកាលានុវត្តន៍ភាព សម្រាប់វិស័យ កសិកម្ម, ត្រូវថែរក្សាអនាម័យគ្រប់ៗក្រុមគ្រួសារ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល សារាចរណ៍ណេនាំរបស់ក្រសួងមហាផ្ទៃ និងរបស់រាជរដ្ឋាភិបាល។

លោកស្រី ម៉ែន សំអន ក៏បានសំណូមពរឱ្យមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាអនុវត្ត និងថែរក្សាឲ្យបាន នូវភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនផងដែរ ជាពិសេស អនុវត្តឲ្យបានតាមវិធានកាណ៍ចំនួន ៣ របស់សម្តេចតេជោបានដាក់ចេញ គឺទី១៖ ការទប់ស្កាត់មិនឱ្យមានការបន្តនាំជំងឺចូលមកកម្ពុជា, ទី២៖ ការទប់ស្កាត់នូវការរីករាលដាល នៅក្នុងប្រទេស និងទី៣៖ ការព្យាបាលអ្នកដែលបានឆ្លងជំងឺកូវីដ-១៩។

លោកស្រីក៏បានឧបត្ថម្ភដល់ជូនសាលាស្រុកស្វាយជ្រំ អង្ករ៨៥០គីឡូក្រាម, ត្រីខ ២កេសធំ, មី ៣កេស, សាប៊ូ១កេសធំ, អាល់កុល៣០លីត្រ, ម៉ាស់ ៣០០ម៉ាស់, ជូនប៉េអឹម យោធា នគរបាល ដោយក្នុងមួយអង្គភាពទទួលបាន អង្ករ១០០គីឡូក្រាម ត្រីខ៥០កំប៉ុង មី៣កេសតូច សាប៊ូ ១កេសធំ អាល់កុល៣០លីត្រ ម៉ាស់២៥០ម៉ាស់, ជូនឃុំទាំង១៦ និងមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ដោយក្នុងមួយអង្គភាពទទួលបានអង្ករ ៥០គីឡូក្រាម ត្រីខ ៥០កំប៉ុង មី២កេស សាប៊ូ១០០ដុំ អាល់កុល ៣០លីត្រ ម៉ាស់២៥០ម៉ាស់៕