(ភ្នំពេញ)៖ លោក ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាជនខ្វះខាត ចំនួន៦០គ្រួសារ មកពី៥ភូមិ ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោក ប៉ាត់ អ៊ែល ចៅសង្កាត់កោះដាច់ បានឲ្យដឹងថា បច្ចុប្បន្ននេះ អាជ្ញាធរសង្កាត់ រួមជាមួយប្រជាជនក្នុងមូលដ្ឋាន បានសហការជាមួយមណ្ឌលសុខភាព ក៏ដូចជា អង្គភាពពាក់ព័ន្ធនានា បានចុះផ្សព្វផ្សាយសេចក្តីណែនាំ និងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានល្អប្រសើរ ពិសេសកាលពីថ្ងៃបុណ្យចូលឆ្នាំ រហូតមកដល់ពេលនេះ រមណីយដ្ឋានទាំងអស់នៅក្នុងមូលដ្ឋានសង្កាត់កោះដាច់ ត្រូវបានបិទទាំងស្រុង។

លោក ប៉ាត់ អ៊ែល បន្តថា នៅក្នុងមូលដ្ឋានសង្កាត់កោះដាច់ ធានាបានទាំងស្រុងនូវការឆ្លងជំងឺកូវីដ១៩ ដោយសារបងប្អូនប្រជាជនមានការយល់ដឹង ប្រុងប្រយ័ត្នខ្ពស់ ផ្តើមចេញពីខ្លួនយើងគ្រប់ៗរូប។

ក្នុងពិធីសំណេះសំណាលនេះ លោក ណុប ចាន់ណារិន្ទ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខណ្ឌជ្រោយចង្វារ និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់កោះដាច់ បានថ្លែងកោតសរសើរ ចំពោះក្រុមការងារ និងសមាជិកក្រុមប្រឹក្សាសង្កាត់ ដែលបានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងការពារសុខភាពរបស់ប្រជាជន ខណៈដែលពិភពលោកកំពុង ទទួលរងគ្រោះដោយជំងឺរាលត្បាតកូវីដ-១៩ ដែលមកដល់ពេលនេះ មាន២០ប្រទេស កំពុងទទួលរងផលប៉ះពាល់។

លោក ណុប ចាន់ណារិន្ទ បន្តថា បើទោះជាតួរលេខដែលបង្ហាញដោយក្រសួងសុខាភិបាល បញ្ជាក់ពីការថយចុះ និងការព្យាបាលជាអស់ជាង១០០ករណី លើ១២២ករណី នៃអ្នករងផលប៉ះពាល់នៅកម្ពុជាក៏ដោយ តែជំងឺនេះមិនទាន់ផុតរលត់ពីផែនដីនៅឡើយទេ រីឯវ៉ាក់សាំងការពារ ក៏អង្គការសុខភាពពិលោក បញ្ជាក់យ៉ាងណានៅឡើយដែល ដូចនេះយើងត្រូវរួមគ្នាអនុវត្តបន្តទៀត ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាលាងដៃ ពាក់ម៉ាស នៅផ្ទះទើបល្អ។

ជាមួយគ្នានោះ លោក ណុប ចាន់ណារិន្ទ ក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយរាជធានីភ្នំពេញ ផ្ញើជូនបងប្អូន ប្រជាជននៅសង្កាត់កោះដាច់ ប្រកបក្តីនឹករលឹក និងបានជំរុញឲ្យក្រុមការងារទាំងអស់ ចុះតាមដានពីបញ្ហសុខភាព និងជីវភាពរស់នៅរបស់បងប្អូន ដោយមិនទុកឲ្យនរណាម្នាក់ ខ្វះខាតស្បែង ដោយយើងមិនបានដឹងនោះឡើយ។

គូសបញ្ជាក់ថា ប្រជាជនដែលខ្វះខាត ត្រូវមកទទួលការជួយឧបត្ថម្ភពីក្រុមការងារ និងក្រុមប្រឹក្សាសង្កាត់នាពេលនេះ មានអង្ករ២០គីឡូក្រាម ឃីតមួយកញ្ចប់ និងថវិកា២០,០០០រៀល ក្នុងមួយគ្រួសារ៕